ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

​រាជរដ្ឋាភិបាល​ទម្លាក់​លុយ​ជាង​២​លាន​ដុល្លារ​សម្រាប់​ចំណាយ​លើ​ភ្នាក់ងារ​សន្តិសុខ និង​ប្រេងឥន្ធនៈ ក្នុង​កិច្ចការពារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ 

​កាលពីដើម​ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ទីស្តីការគណៈរដ្ឋមន្ត្រី​ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​១០ ៣៧៤​លាន​រៀល (​ប្រមាណ​២ ៥៩៣ ៥០០​ដុល្លារ​អាមេរិក​) ពី​ជំពូក​៦៩ (​ចំណាយ​មិនបាន​គ្រោងទុក​) នៃ​ខ្ទង់ចំណាយ​មិនទាន់​បែងចែក​មក​ជំពូក​៦២(​អត្ថប្រយោជន៍​សង្គម​) សម្រាប់​ចំណាយ​ឧបត្ថម្ភ​ភ្នាក់ងារ​សន្តិសុខ និង​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ បម្រើ​កិច្ចប្រតិបត្តិការ​ការពា​រ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤​ឆ្នាំ​២០១៧ ។​

​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ (២០១៧-២០២២) នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខ ដោយមាន​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​រាជធានី ខេត្ត (​រាជធានី ខេត្ត​ទាំង​២៥) ចំនួន​២២ ១៤៨​ការិយាល័យ សម្រាប់​ចំនួន​ឃុំ សង្កាត់​សរុប​១ ៦៤៦ និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ត្រូវ​ជ្រើសរើស​ចំនួន​១១ ៥៧២ ។​

​មាន​គណបក្សនយោបាយ​ចំនួន​១២ បាន​ចូលរួម​ចុះបញ្ជី​ដាក់​បេក្ខភាព​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ គឺ ៖ ១-​គណបក្ស​ប្រជាជន​កម្ពុជា ,២-​គណបក្ស​សង្គ្រោះ​ជាតិ ,៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ,៤-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ,៥-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ,៦-​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ,៧-​គណបក្ស​សញ្ជាតិ​កម្ពុជា ,៨-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ,៩-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ,១០-​គណបក្ស​យុវជន​កម្ពុជា ,១១-​គណបក្ស​អំណាច​ខ្មែរ និង ១២-​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ។ 

​ការបោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ មាន​សន្លឹកឆ្នោត​ចំនួន​៩ ៤២៦ ៦០០​សន្លឹក​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បោះពុម្ព​ឡើង ដែល​ធៀប​ទៅនឹង​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ចំនួន​៧ ៨៦៥ ០៣៣​នាក់ ពោល​គឺមាន​សន្លឹកឆ្នោត​លើសពី​ចំនួន​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ចំនួន​១ ៥៦១ ៥៦៧​សន្លឹក ដែល​គ​.​ជ​.​ប ចាត់ទុកថា ជា​សន្លឹកឆ្នោត​បម្រុង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.