ប្រភពពីមជ្ឈមណ្ឌលជាតិកងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតកាកសំណល់សង្គ្រាម ដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជាអគ្គនាយកបានឲ្យដឹងថា អង្គការសហប្រជាជាតិ (UN) នឹងផ្ដល់ថវិកាចំនួន៧ម៉ឺនដុល្លារអាមេរិកក្នុងម្នាក់ៗដល់គ្រួសារសពទាហានមួកខៀវកម្ពុជាទាំង៤នាក់ដែលពលីនៅក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសអាហ្វ្រិកកណ្ដាល ដោយសារការវាយប្រហារពីសំណាក់ក្រុមឧទ្ទាមកាលពីរាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅថ្មីៗ ។
ក្រៅពីថវិការបស់UN គឺគ្រួសារសពទាហានមួកខៀវកម្ពុជាទាំង៤នាក់ ក៏នឹងទទួលបាននូវថវិកាបន្ថែមតាមគោលរបបនៃឋានន្តរស័ក្ដិពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ ។ លើសពីនេះ ក្រសួងការពារជាតិរួមជាមួយមជ្ឈមណ្ឌលជាតិកងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតកាកសំណល់សង្គ្រាម នឹងរៀបចំពិធីបុណ្យសពទៅតាមសំណូមពររបស់ក្រុមគ្រួសារសព ដើម្បីធ្វើយ៉ាងណាឲ្យស័ក្ដិសមទៅនឹងកិត្តិយស និងតម្លៃនៃការពលីជីវិតក្នុងបេសកកម្មស្វែងរក្សាសន្តិភាពលើឆាកអន្តរជាតិ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានឲ្យដឹងដែរថា សាកសពទាហានមួកខៀវកម្ពុជាទាំង៤នាក់ នឹងត្រូវដឹកបញ្ជូនមកដល់មាតុភូមិកម្ពុជាយ៉ាងលឿនបំផុតក្នុងរយៈពេល២សប្ដាហ៍ បន្ទាប់ពីUN រៀបចំពិធីគោរពវិញ្ញាណក្ខន្ធសពទាហានមួកខៀវកម្ពុជាទាំង៤នាក់ប្រកបដោយកិត្តិយសរួចរាល់ ។
ទាហានមួកខៀវកម្ពុជាទាំង៤នាក់ដែលបានពលីនៅប្រទេសអាហ្វ្រិកកណ្ដាលក្រោមស្នាដៃវាយប្រហាររបស់ក្រុមឧទ្ទាមនោះ រួមមាន ៖ លោកអនុសេនីយ៍ទោ អ៊ឹម សំ ត្រូវបានសម្លាប់នៅកន្លែងឆ្មក់វាយប្រហារតែម្ដង , លោកអនុសេនីយ៍ឯក ម៉ៅ អេង , លោកព្រិន្ទបាលទោ ស៊ាង នរិន្ទ និងលោកព្រិន្ទបាលទោ មុំ តុលា ត្រូវបានរកឃើញសាកសពនៅចម្ងាយប្រមាណ២គីឡូម៉ែត្រពីទីតាំងវាយប្រហារ ៕