អ្នកចាំទីដ៏ឆ្នើមរបស់ សេះបង្កង់ Juventus កីឡាករ Gianluigi Buffon បាននិយាយថា «ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះ គ្មានន័យអ្វីឡើយ ប្រសិនបើមិនបានលើកពាន UEFA Champions League មួយនេះ » ។
អ្នកចាំទី Buffon របស់ Juventus មានការព្រួយបារម្មណ៍ខ្លះដែរពេលប៉ះ Real Madrid នៅខែក្រោយនេះ ព្រោះថា ប្រធានក្រុមជម្រើសជាតិអ៊ីតាលីវ័យ៣៩ឆ្នាំរូបនេះ មិនដែលបានលើកពាន UEFA Champions League ជាមួយ Juventus ម្តងណាឡើយ ពោលគឺបានត្រឹមរងជើងឯកប៉ុណ្ណោះកាលប្រកួតកន្លងមក ។
បើនិយាយកាលពី ២ឆ្នាំមុន សេះបង្កង់ Juventus បានរងជើងឯក Champions League ក្រោយចាញ់ Barcelona ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅទីក្រុង Berlin ខណៈវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០០៣ ពួកគេបានបាញ់ក្លឹប រួមលីគ AC Milan ដោយបាល ១១ម៉ែត្រកាត់សេចក្តី ។
ប៉ុន្តែ Juventus ធ្លាប់លើកពានក្របខ័ណ្ឌ UEFA Champions League នេះចំនួន២ដងកាលពីឆ្នាំ ១៩៨៥ និង ឆ្នាំ១៩៩៦ ពោលគឺមុនពេល Buffon ផ្ទេរពី Parma មកក្លឹបមួយនេះក្នុងឆ្នាំ២០០១ ។
គួរបញ្ជាក់ផងដែរថា មុន Juventus ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះ Juventus បានយកឈ្នះក្លឹបមកពីបារាំង AS Monaco ទាំង២ជើង ក្នុងលទ្ធផលសរុប ៤ទល់នឹង១ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Juventus និង Real Madrid នឹងធ្វើឡើងនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧ នៅទឹកដីរបស់ប្រទេសវេលស៍ ខាងមុខនេះ ៕
ប្រភព៖ Dailymail