Manchester United នឹងបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួនស្វាគមន៍ ក្រុមមកពី League LA LIGA របស់អេស្ប៉ាញ Celta Vigo ក្នុងជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្របខ័ណ្ឌ UEFA Europa League វេលាម៉ោង ២និង៥នាទី រំលងអធ្រាត្រយប់នេះ ។
កាលពីជើងទី១ បីសាចក្រហម Manchester United បានយកឈ្នះ Celta Vigo ក្នុងលទ្ធផល ១ទល់នឹង០ នៅក្រៅទឹកដី ។ ចាំមើលយប់នេះតើ Man Utd អាចបន្តយកឈ្នះ Celta Vigo ជាលើកទី២បានទៀតឬអត់ នៅ Old Trafford ទឹកដីរបស់ខ្លួនារាត្រីយប់ហ្នឹង ។
មុនការប្រកួតរាត្រីនេះឈានមកដល់ អ្នកចាត់ការ Manchester United លោក Jose Mourinho បាននិយាយថា «លោកចង់បានកៅអី Champions League លេងនៅរដូវកាលក្រោយ តាមរយៈការឈ្នះ ពាន Europa League ឆ្នាំនេះខ្លាំងជាង តាមរយៈកៅអី Top4 នៅ English Premier League ដែលលោកអះអាងថាក្រុមរបស់លោកអស់ឱកាសដណ្តើម Top4 ហើយក្រោយចាញ់ Arsenal ២ទល់នឹង០ កាលពីសប្តាហ៍មុន »។
លោក Jose វ័យ៥៤ឆ្នាំនេះបញ្ជាក់ទៀតថា « Man Utd ធ្លាប់ឈ្នះពានរង្វាន់ក្នុងស្រុក និងលើឆាកអន្តរជាតិជាច្រើន ប៉ុន្តែ Man Utd មិនដែលស្គាល់រសជាតិជើងឯក UEFA Europa League ម្តងណាឡើយ ក្នុងប្រវត្តិសាស្ត្រ១៣៩ឆ្នាំរបស់ក្លិបមួយនេះ ។
ចំណែកឯមួយគូរទៀត រវាង Lyon ប៉ះ Ajax នឹងធ្វើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ Europa League នៅម៉ោង២និង៥នាទីដូចគ្នាក្នុងថ្ងៃតែមួយ ហើយកាលពីជើងទី១ Ajax បានលុតក្រុម មកពីបារាំង Lyon យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ទល់នឹង១ ចាំមើលយប់នេះ Lyon អាចធ្វើការសងសឹកទៅលើ Ajax បានឬទេ ក្នុងទឹកដីរបស់ខ្លួន ។
គួរបញ្ជាក់ផងដែរថា ក្រុមដែលឈ្នះក្នុងយប់នេះ នឹងមានសិទ្ធិឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Europa League ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១និង៤៥នាទី នៅពហុកីឡដ្ឋាន Friends Arena ទីក្រុង Stockolm ទឹកដីរបស់ប្រទេសស៊ុយអ៊ែត ៕
ប្រភព ៖ BBC