កាលពីយប់មិញនេះ Atletico Madrid បានយកឈ្នះ Real Madrid ២ទល់នឹង១ ក្នុងទឹកដីរបស់ខ្លួន ក្នុងជំនួបជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ។
២គ្រាប់របស់ម្ចាស់ផ្ទះ AT Madrid រកបានដោយ Saul Niguez នៅនាទី១២ ដែលជាការបញ្ជូនបាល់ដោយ Koke និងគ្រាប់ទី២រកបានដោយកីឡារ Antoine Grizmann នៅនាទី១៦ ដោយបាល់ប៉េណាល់ទី ។ ចំណែក១គ្រាប់របស់ Real Madridd វិញរកបានដោយកីឡាករ Isco នៅនាទី៤២ លទ្ធផល២ទល់នឹង១នេះ នៅបន្តរហូតទាល់តែអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ជប់ការប្រកួតតែម្តង ។
យ៉ាងណាក៏ដោយ គឺក្រុមអធីរាជស Real Madrid ឯណោះទេដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយឈ្នះតាមរយៈបាល់សរុបទាំង២ជើង ៤ទល់នឹង ២ ដូច្នេះ Atletico Madrid អស់ឱកាសឡើងទៅវគ្គបន្ត Champions League ទៀតហើយ ។
ស្តេចស Real Madrid នឹងឡើងទៅប៉ះ សេះបង្កង់ Juventus នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ នៅទឹកដីរបស់ប្រទេសវេលស៍ ។ ការប្រកួតនឹងចាប់ផ្តើមនៅរាត្រីរំលងអធ្រាត្រម៉ោង ១និង៤៥នាទីយប់ ចូលវេលាព្រឹកថ្ងៃទី៤ ។
គួរបញ្ជាក់ផងដែរថា ជំនួបទល់នឹង Real Madrid កាលពីយប់មិញនេះ ជាការប្រកួតលើកចុងក្រោយនៃក្របខ័ណ្ឌ UEFA Champions League នៅពហុកីឡដ្ឋាន Vicente Calderon របស់ Atletico Madrid ដោយរដូវកាលក្រោយពួកគេនឹងប្តូរទៅបោះទីតាំងនៅកីឡដ្ឋានថ្មី នាទីក្រុង Madrid ដែលអាចផ្ទុកទស្សនិកជនបាន៧៦០០០នាក់ ។ ហើយយប់មិញនេះដែរ អ្នកគាំទ្រ AT Madrid បាននាំគ្នាដកកៅអីម្នាក់១ទុកជាអនុស្សាវរីយ៍ផងដែរ មុននឹងផ្លាស់ទីតាំងទៅពហុកីឡដ្ឋានថ្មី ៕
ប្រភព៖ BBC