ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

​ព្រឹទ្ធាចារ្យ​អគ្គបណ្ឌិត ប៊ុត សាវង្ស ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​គណៈកម្មាធិការ​ជាតិ​រៀបចំ​វចនានុក្រម​ភាសា​ខ្មែរ 

​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ និង​ជា​គរុ​គណ​នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បានសម្រេច​បង្កើត​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​មួយ​ដើម្បី​រៀបចំ​វចនានុក្រម​ភាសា​ខ្មែរ នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ក្នុង​ហេតុផល​សំអាងថា ដើម្បី​រៀបចំ​វចនានុក្រម​ភាសា​ខ្មែ​ឈរលើ​ស្មារតី​អភិរក្ស និង​អភិវឌ្ឍ​ភាសា និង​អក្សរ​ខ្មែរ តាម​សេចក្តីសម្រេច​លេខ​២៦ សសរ ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧ ដែលមាន​សមាសភាព​ចំនួន​២៣​នាក់ ក្នុងនោះ ឯកឧត្តម​បណ្ឌិត ច័ន្ទ សំណព្វ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរ ជា​ប្រធាន និង​ឯកឧត្តម សូ មុយ​ឃៀង អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ជា​អនុប្រធាន ។​

​ដោយឡែក ព្រឹទ្ធាចារ្យ​អគ្គបណ្ឌិត ប៊ុត សាវង្ស ទីប្រឹក្សា​សមាគម​កម្ពុជរដ្ឋ ក៏ត្រូវ​បានតែងតាំង​ជាទី​ប្រឹក្សា​គណៈកម្មាធិការ​ជាតិ​រៀបចំ​វចនានុក្រម​ភាសា​ខ្មែរ នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​នេះដែរ ។ 

​ព្រឹទ្ធាចារ្យ​អគ្គបណ្ឌិត ប៊ុត សាវង្ស ទីប្រឹក្សា​សមាគម​កម្ពុជរដ្ឋ ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​សមាជិក​ក្រុម​ប្រឹក្សាជាតិ​ភាសារ​ខ្មែរ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១១/៧៧៦ ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១១ ខណៈ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​ការតែងតាំង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៥/៩២៧ ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៥ ។​

​កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​១ ១០០​លាន​រៀល (​ប្រមាណ​ជិត​៣០​ម៉ឺន​ដុល្លារ​អាមេរិក​) ពី​ជំពូក​៦៩ (​ចំណាយ​មិនបាន​គ្រោងទុក​) នៃ​ខ្ទង់ចំណាយ​មិនទាន់​បែងចែក​មក​ជំពូក​៦៥ (​ឧបត្ថម្ភកធន​) ជូន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ សម្រាប់​ចំណាយ​រៀបចំ​ធ្វើ​វចនានុក្រម​ជាតិ​ភាសា​ខ្មែរ និង​គោលនយោបាយ​ជាតិ​នៃ​ភាសា និង​អក្សរ​ខ្មែរ​នៅក្នុង​ឆ្នាំ​២០១៧​នេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.