Atletico Madrid នឹងបើកកីឡដ្ឋាន Estadio Vicente របស់ខ្លួនស្វាគមន៍ក្រុមក្នុងក្រុងតែមួយ ស្តេចស Real Madrid វេលាម៉ោង ១និង៤៥នាទីយប់នេះ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ក្របខ័ណ្ឌ UEFA Champions League ។
កាលពីជើងទី១ AT Madrid បានទទួលរងបរាជ័យយ៉ាងធ្ងន់ដៃក្នុងលទ្ធផល ៣ទល់នឹង០ ក្នុងទឹកដី Santiago Bernabeu របស់ Real Madrid ។
Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់នេះ ក្រុមភ្ញៀវមានភាគរយខ្ពស់បំផុតក្នុងការឡើងទៅវគ្គផ្តាច់ព្រ័ត្រជួប Juventus ក្រោយយកឈ្នះកាលពីជើងទី១រហូតដល់ទៅ ៣គ្រាប់ ។
ទោះជាយ៉ាងណាក៏ដោយក្រុមម្ចាស់ផ្ទះ AT Madrid ដែលដឹកនាំដោយលោក Diego Simeone នឹងប្រឹងប្រែងដើម្បីវាយបកយកជ័យជំនះមកវិញ ក្នុងទឹកដីរបស់ខ្លួនក្នុងរាត្រីរំលងអធ្រាត្រយប់នេះ ។
ងាកមកមើលប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរ ៥ប្រកួតចុងក្រោយ ក្នុងនោះ ម្ចាស់ផ្ទះ AT Madrid ឈ្នះ១លើក ចាញ់២លើក និងស្មើ២លើក ស្ថិតិនេះបញ្ជាក់ថា ៥ប្រកួតចុងក្រោយរបស់ Real Madrid ចាញ់ម្ចាស់ផ្ទះ AT Madrid តែ១ដងគត់ ។
ចំណែកឯកីឡាកររបួស និងជម្រើស១១នាក់ដំបូងរបស់ក្រុមទាំង២នេះវិញ ៖
សម្រាប់ AT Madrid កីឡាកររបួសមាន Juanfran, Gimenez និង Fernandez ដូច្នេះជម្រើស១១នាក់ដំបូងរបស់គេអាចជា Oblack , Hernandez , Godin , Savic , Filipe Luis , Niguez , Koke , Gabi , Carrasco , Gamerio និង Grizmann ។
រីឯ Real Madrid វិញមានកីឡាកររបួស២នាក់សំខាន់ៗ Bale និង Carvajal ដូច្នេះជម្រើស១១នាក់ដំបូងរបស់គេអាចជា Navas , Nacho , Kroos , Casemiro , Modric , Marcelo , Isco , Ramos , Varane , Benzema និង Ronaldo ។
គួរបញ្ជាក់ផងដែរថា ក្រុមដែលឈ្នះយប់នេះនឹងឡើងទៅជួប សេះបង្កង់ Juventus វគ្គផ្តាច់ព្រ័ត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នៅទឹកដីរបស់ប្រទេសវេល ពានរង្វាន UEFA Champions League ៕
ប្រភព៖ Dialymail