សេចក្តីរាយការណ៍ពីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា គិតមកដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ មិនឃើញស្រមោលអតីតប៉ូលិសដៃឆើតខាងបាញ់បោះឆៅៗ ឈាន ពិសិដ្ឋ មកបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនឹងករណីប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់តាមការបញ្ជារបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យនោះឡើយ ពីព្រោះមន្ត្រីនគរបាលយុត្តិធម៌បានត្រឹម «ចាប់ខ្យល់» ប៉ុណ្ណោះ ។
កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧កន្លងទៅ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យធ្លាប់បានចេញដីកាបញ្ជាឲ្យលោក ឈាន ពិសិដ្ឋ អយុ៣៧ឆ្នាំ អតីតនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចូលមកបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឲ្យបានមុនថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនឹងករណីប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធខុសវច្បាប់ប្រព្រឹត្តនៅក្នុងបរិវេណប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ។
យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលមានលោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត ជានាយប៉ុស្តិ៍នោះ បានឲ្យដឹងថា នៅវេលាម៉ោង០៨និង៤៥នាទីព្រឹក នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧មានហេតុការណ៍ផ្ទុះអាវុធចំនួន១គ្រាប់នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបង្កដោយលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ជានាយរងប៉ុស្តិ៍ បណ្តាលឲ្យលោកវរសេនីយ៍ត្រី សេម មករា អាយុ៤៧ឆ្នាំ ជានាយផ្នែករដ្ឋបាលសរុបរងរបួសស្មាខាងឆ្វេង ព្រមទាំងដាច់ជ្រុះស័ក្តិពីស្មាធ្លាក់ដល់ឥដ្ឋទៀតផង ។
រយៈពេល០១ថ្ងៃក្រោយមក លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ អត្តលេខ៥៤៥៤៥ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាយកដ្ឋានច្រកទ្វារទី១នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានក្រសួងមហាផ្ទៃសម្រេចអនុវត្តវិន័យដោយរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញផុតពីក្របខ័ណ្ឌមន្ត្រីនគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ ក្រោមមូលហេតុជានគរបាលល្មើសវិន័យធ្ងន់ធ្ងរ និងប្រើប្រាស់អាវុធបាញ់បោះខុសច្បាប់ ដោយប្រកាសលេខ៩៧៦ប្រក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ។
លើសពីនេះ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ដដែល លោកវរសេនីយ៍ត្រី សេម មករា ជាជនរងគ្រោះក៏បានដាក់ពាក្យប្តឹងជនដៃដល់ឈ្មោះ ឈាន ពិសិដ្ឋ ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យឲ្យចាត់វិធានការតាមផ្លូវច្បាប់ និងចាប់ខ្លួនយកមកផ្តន្ទាទោសផងដែរ ។
លោកប៉ូលិសវ័យក្មេងតែពូកែរកលុយ ឈាន ពិសិដ្ឋ ធ្លាប់បានល្បីឈ្មោះខ្លាំងបន្ទាប់ពីលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិទទួលរងគ្រោះជាប់ពន្ធនាគារក្រោមរូបភាពគ្រោះថ្នាក់ចរាចរណ៍ដ៏គួរភ្ញាក់ផ្អើលសឹងមិនគួរជឿមួយនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានមួយចំនួនលេចឮដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានបង្ហើបប្រាប់ឲ្យដឹងថា អតីតប៉ូលិសដៃឆើតខាងបាញ់បោះឆៅៗ ឈាន ពិសិដ្ឋ កំពុងសំងំស្នាក់នៅគេហដ្ឋានរបស់នាយឧត្តមសេនីយ៍យោធាដ៏មានឥទ្ធិពលម្នាក់នៅរាជធានីភ្នំពេញ គឺមិនបានចាកចេញពីប្រទេសកម្ពុជាទៅកាន់បរទេសអ្វីនោះឡើយ ។
មជ្ឈដ្ឋានអ្នករិះគន់មាត់ដាចមួយចំនួនបាននិយាយរបៀប «លេងបន្លំមែន» ថា ទំនងជារង់ចាំប្រកាសតាមទូរទស្សន៍ ឬតាម Facebook របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូចករណីជម្លោះរវាងលោកឧកញ៉ា សុខ ប៊ុន និងកញ្ញា សាសា និងករណីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង ដែលដៃឆៅបាញ់បោះទៅលើក្រុមកម្មការិនីបណ្តាលឲ្យរងរបួសចំនួន៣នាក់ ទើបអតីតប៉ូលិសដៃឆើត ឈាន ពិសិដ្ឋ ចេញមកបង្ហាញមុខឲ្យសមត្ថកិច្ចចាប់ ឬនាំខ្លួនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់បាន បើពុំនោះទេ សមត្ថកិច្ចនឹងបន្ត «ចាប់ខ្យល់» រហូតហើយ (Sic!) ៕