ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

​រឿង​អ្នកមាន​សង្កត់ក​អ្នកក្រ ! ប្រជាពលរដ្ឋ​ខេត្តព្រៃវែង «​លៀន​អណ្តាត​» ដោយសារ​ក្រុមហ៊ុន​ឧកញ៉ា ជឹម សុខ «​គាប់សង្កត់​រឹត​ក​» លើ​ការរកស៊ី​លក់​-​ទិញ​សត្វ​គោ ក្របី 

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តព្រៃវែង​ដែល​រកស៊ី​លក់​-​ទិញ​សត្វ​គោ ក្របី បាននាំគ្នា​រអ៊ូរ​រទាំ​ត្អូញត្អែរថា ពួកគាត់​កំពុង «​លៀន​អណ្តាត​» ហើយ ដោយសារ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា ជឹម សុខ គាបសង្កត់​ជំរិត «​រឹត​ក​» យក​ថ្លៃ​សោហ៊ុយ​សេវាកម្ម​ខ្ពស់​ហួសហេតុ​ស្រេច​តែ​នឹង​ចិត្ត ក្នុង​ការលក់​សត្វ​គោ ក្របី​ចេញទៅ​ប្រទេស​វៀតណាម បាន​ប្រាក់​យកមក​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ពោលគឺ​សត្វ​គោ​តូច​ក្នុង​១​ក្បាល​ត្រូវ​ក្រុមហ៊ុន​យកលុយ​៥​ម៉ឺន​រៀល សត្វ​គោ​ធំ​១​ក្បាល​ចំនួន​ពី​៨​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល សត្វ​ក្របី​តូច​១​ក្បាល​ចំនួន​៨​ម៉ឺន​រៀល និង​សត្វ​ក្របី​ធំ​១​ក្បាល​ចំនួន​១១​ម៉ឺន​រៀល ខណៈ​ភាស៊ី​បេន​ដែលមាន​តម្លៃ​ត្រឹម​២ ០០០​រៀល ក៏ត្រូវ​ក្រុមហ៊ុន​ជំរិត​យក​រហូតដល់​៥ ០០០​រៀល ។​

​ក្រុម​ប្រជាពលរដ្ឋ​ដែល​រកស៊ី​លក់​-​ទិញ​សត្វ​គោ ក្របី នៅ​ខេត្តព្រៃវែង​បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា  សព្វថ្ងៃ​ខាង​ក្រុមហ៊ុន​លែង​ចង់​ចេញ​សំបុត្រ​ឲ្យ​ហើយ គឺ​គ្រាន់តែ​រាប់​ចំនួន​ក្បាលសត្វ​គោ ក្របី​រួចហើយ​គិតលុយ​ជាការ​ស្រេច​ដោយ​អនុវត្ត​រូបមន្ត​តម្រូវ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​បង្ខំចិត្ត​លក់​សត្វ​គោ ក្របី​ឲ្យ​ទៅ​ក្រុមហ៊ុន​ផ្តាច់មុខ​តែម្តង ។​

​ក្រុមហ៊ុន​លោក​ឧកញ៉ា ជឹម សុខ ធ្លាប់មាន​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ការនាំ​ចូល​សត្វ​ជ្រូក​ក្រហម​ជាង​២០០​ក្បាល​ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រក​ឡែ​ម ខេត្តបាត់ដំបង មាន​ភាពមិនប្រក្រតី ហើយ​ត្រូវបាន​សមត្ថកិច្ច​ស្ទាក់​បង្ក្រាប​ចាប់បាន​នៅត្រង់ចំណុច​មុខ​វត្ត​អន្លង់​ក្ងាន ឋិត​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៦​កន្លងទៅ ។ 

​មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ពី​ក្រុមហ៊ុន​លោក​ឧកញ៉ា ជឹម សុខ បាន​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ការ​ត្អូញត្អែរ​រអ៊ូរ​រទាំ​របស់​ក្រុម​ប្រជាពលរដ្ឋ​រកស៊ី​លក់​-​ទិញ​សត្វ​គោ ក្របី​នៅ​ខេត្តព្រៃវែង​នោះ គិត​ត្រឹម​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៧​នេះ ។​

​លោក ជឹម សុខ ដែល​គេ​ស្គាល់​ថា ជា​ឈ្មួញ​ល្បីឈ្មោះ​ខាង​រកស៊ី​ប្រមូល​ទិញ​សត្វ​គោ ក្របី​លក់​នាំ​ចេញទៅ​ប្រទេស​វៀតណាម​ផង និង​នាំចូល​សត្វ​ជ្រូក​ក្រហម​មក​កម្ពុជា​វិញ​ផង​នោះ ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១០/៦២២ ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១០ ។ លោក​ឧកញ៉ា ជឹម សុខ ក៏​អតីត​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម អតីត​ប្រធានព្រឹទ្ធសភា​នីតិកាល​ទី​៣ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ពោលគឺ​ទទួលបាន​ឋានៈ និង​ងារ​ជា «​ឯកឧត្តម​ឧកញ៉ា​» ផងដែរ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១២/៤២២ ចុះ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១២) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.