ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

​រឿង​ប៉ះពាល់​ស្តេច​ថៃ ! មេធាវី​ការពារ​សិទ្ធិមនុស្ស​ថៃ​ម្នាក់​ប្រឈម​នឹង​ការជាប់គុក​១៥០​ឆ្នាំ ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​

​គេហទំព័រ​សារព័ត៌មាន Reuters បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មី​ឲ្យ​ដឹងថា មេធាវី​ការពារ​សិទ្ធិមនុស្ស​នៅ​ប្រទេស​ថៃ​ម្នាក់ គឺ​លោក Prawet Prapnukul ដែល​ធ្លាប់​ធ្វើជា​អ្នក​ប្រឹក្សា​ច្បាប់​ដល់​សមាជិក​គណបក្ស​រណសិរ្ស​រួបរួម​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹង​របប​ផ្តាច់ការ​នោះ អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​កំណ​ត់​ចំនួន​១៥០​ឆ្នាំ ប្រសិនបើ​ត្រូវបាន​តុលាការ​កាត់ទោស​ពីបទ​ប្រព្រឹត្តល្មើស​ច្រើន​ករណី​ទាក់ទង​នឹង​ការប្រមាថ​ព្រះមហាក្សត្រ​ថៃ ។​

​លោក Prawet Prapanukul អាយុ​៥៧​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​បញ្ជូន​មកកាន់​តុលាការក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ ក្រោម​ការចោទប្រកាន់​ពីបទ​ល្មើស​ចំនួន​១០​ករណី​ទាក់ទង​នឹង​ការប្រមាថ​ព្រះមហាក្សត្រ​ថៃ និង​ចំនួន​៣​បទល្មើស​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​សកម្មភាព​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន ។​

​លោក​មេធាវី  Anon Nampha ដែលជា​មេធាវី​ការពារ​សិទ្ធិមនុស្ស​នៅ​ប្រទេស​ថៃ​បានបញ្ជាក់​ឲ្យ​ដឹងថា លោក Prawet Prapanukul ជាប់ចោទ​ពីបទ​ល្មើស​ចំនួន​១០​ករណី​ទាក់ទង​នឹង​ការប្រមាថ​ព្រះមហាក្សត្រ គឺ​បើ​យោងតាម​មាត្រា​១១២​នៃ​ក្រមព្រហ្មទណ្ឌ​របស់​ថៃ អាច​នឹងត្រូវ​ប្រឈម​កា​រ​ជាប់ពន្ធនាគារ​កំណ​ត់​១៥០​ឆ្នាំ ប្រសិនបើ​តុលាការ​រកឃើញ​ពិរុទ្ធភាព​ប្រាកដ​មែន និង​យោងតាម​មាត្រា​១១៦ នៃ​ក្រមព្រហ្មទណ្ឌ​ដដែល អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​៧​ឆ្នាំ បើ​តុលា​ការរកឃើញ​ពិរុទ្ធភាព​នៃ​បទល្មើស​៣​ផ្សេងទៀត ។​

​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន គឺ​ព្រះ​ចៅ Maha Vajiralongkorn ព្រះជន្ម​៦៤​ព្រះវស្សា បាន​ឡើង​សោយរាជ្យ​សម្បត្តិ​បន្ត​ពី​ព្រះបិតា​របស់​ទ្រង់ ព្រះ​ចៅ Bhumibol Adulyadej ដែល​បាន​ចូល​ទិវង្គត​ក្នុង​ព្រះជន្ម​៨៨​ព្រះវស្សា កាលពី​ខែតុលា ឆ្នាំ​២០១៦​កន្លងទៅ ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​ថៃ​ត្រូវបាន​ដឹកនាំ​ដោយ​របប​យោធា​ស្និទ្ធ​នឹង​ស្ថាប័ន​ព្រះមហាក្សត្រ គឺ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ Prayut Chan-o-cha ។​

​យោងតាម​ទស្សនាវដ្ដី Forbes បាន​ឲ្យ​ដឹងថា អតីតព្រះមហាក្សត្រ​ថៃ ព្រះ​ចៅ Bhumibol Adulyadej មានទ្រព្យ​សម្បត្តិ​លំដាប់​មហាសេដ្ឋី គឺ​ចំនួន​៣០​ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៤​កន្លងទៅ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.