ថ្វីដ្បិត ខេត្តរតនគិរីមានភូមិសាស្ត្រតូច (ក្រុងចំនួន១ និងស្រុកចំនួន៨) ប្រជាពលរដ្ឋតិច និងមានអាសនៈតំណាងរាស្ត្រនៅក្នុងរដ្ឋសភាចំនួន១អាសនៈប៉ុណ្ណោះក្តី ក៏ប៉ុន្តែខេត្តនេះ មានរឿងវិវាទច្រើនគួរសម ពោលគឺត្រឹមរយៈពេលប្រមាណកន្លះខែសោះ សាលាដំបូងខេត្តរតនគិរីដែលជាសាលាជម្រះក្តីជាន់ទាបមានសំណុំរឿងក្តីរដ្ឋប្បវេណីរហូតដល់ជិត១០០សំណុំរឿងឯណោះ ។
ព័ស្តុតាងបានបង្ហាញថា យោងតាមដីកាកោះចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ចេញដោយលោកចៅក្រម ឡេង វណ្ណារិទ្ធិ ដែលកោះហៅភាគីម្ចាស់បំណុលដើម្បីឲ្យធ្វើសេចក្តីបញ្ជាក់ដំបូងក្នុងសំណុំរឿងរក្សាការពារមួយ (សំណុំរឿងរដ្ឋប្បវេណី) លេខ៩២ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ គឺគិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ សាលាដំបូងខេត្តរតនគិរីទទួលបានសំណុំរឿងក្តីរហូតដល់៩២សំណុំរឿង ។
ប្រភពព័ត៌មានពីសាលាដំបូងខេត្តរតនគិរីបានឲ្យដឹងថា សំណុំរឿងរក្សាការពារលេខ៩២ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២១៧របស់សាលាដំបូងខេត្តរតនគិរីនេះ មានលោក វ៉ាន សោភា ដែលគេស្គាល់ថាជាប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរីជាម្ចាស់បំណុល និងមានលោក សេង ប៊ុនធឿន ជាកូនបំណុង ។
ប្រការគួរឲ្យចាប់អារម្មណ៍នៅក្នុងសំណុំរឿងក្តីរបស់សាលាដំបូងខេត្តរតនគិរីខាងលើនេះ គឺលោកចៅក្រម ឡេង វណ្ណារិទ្ធិ បានចេញដីកាកោះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ហៅភាគីម្ចាស់បំណុលឲ្យចូលខ្លួនមកកាន់សាលាដំបូងខេត្តនៅវេលាព្រឹកនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ដើម្បីឲ្យធ្វើសេចក្តីបញ្ជាក់ដំបូង ពោលមានរយៈពេលត្រឹម០១ថ្ងៃប៉ុណ្ណោះ (Sic!) ។
សាលាដំបូងខេត្តរតនគិរីបច្ចុប្បន្នមានលោកចៅក្រម សួស ឡា អាយុ៤៧ឆ្នាំ ជាប្រធាន (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/១១១២/៩៩៥ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២) ។ លោក សួស ឡា បានចូលបម្រើការងាររដ្ឋនៅឆ្នាំ១៩៩២ ជាសិស្សចៅក្រមជំនាន់ទី១ សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ អតីតធ្លាប់ត្រូវបានតែងតាំងជាចៅក្រមកម្មសិក្សាបម្រើការងារនៅសាលាដំបូងខេត្តសៀមរាប ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៥/៥៣៤ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៥ និងក្រោយមកទទួលបានការតាំងស៊ប់ក្នុងក្របខ័ណ្ឌនៃអង្គចៅក្រមបម្រើការងារនៅសាលាដំបូងខេត្តសៀមរាប ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៧/០៦៧ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៧ ។ តមកទៀត លោកចៅក្រម សួស ឡា ទទួលបានការតែងតាំងជាអនុប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១០/៧៨៩ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១០ រួចហើយក៏ទទួលបានការតែងតាំងជាប្រធានសាលាដំបូងខេត្តរតនគិរីទល់សព្វថ្ងៃ ។
លោក ឡេង វណ្ណារិទ្ធិ អាយុ៤៤ឆ្នាំ ជាសិស្សចៅក្រមជំនាន់ទី៣សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ធ្លាប់ទទួលបានការតាំងស៊ប់ក្នុងក្របខ័ណ្ឌនៃអង្គចៅក្រមបម្រើការងារនៅសាលាដំបូងខេត្តស្ទឹងត្រែង ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១០/៨៣៣ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០ និងត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តរតនគិរីទល់បច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧៣៣ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ៕