កាលពីរាត្រីយប់មិញនេះ សេះបង្កង់ Juventus បានលុតក្រុមម្ចាស់ផ្ទះ AS Monaco ក្នុងលទ្ធផលជាទីគាប់ចិត្ត ២ទល់នឹង០ ក្នុងការប្រកួតពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League វគ្គ៤ក្រុមចុងក្រោយ(Semi-Finalsជុំទី១ ។
កាលពីរាត្រីយប់មិញនេះក្នុងទឹកដីរបស់ខ្លួន AS Monaco មានឱកាសស៊ុតបាល់ពីរគ្រាប់ល្អៗ ប៉ុន្តែមិនអាចរាប់គ្រាប់បានឡើយ ខណៈអ្នកចាំទីចាស់វស្សារបស់ Juventus កីឡាករ Buffon ជួយសង្គ្រោះបាល់បានទាំងពីរលើក ដែលគ្រាប់ទី១ជាការតែតដោយកីឡាករវ័យក្មេងរបស់ម្ចាស់ផ្ទះ Mbappeនិងបាលទី២ជាបាល់ទាត់មួយជើងរបស់ Mbappeដដែល តែគ្មានឱកាសរកគ្រាប់បានឡើយ ។
នៅពេលដែល AS Monaco មិនអាចទម្លាយសំណាញ់ទីរបស់ Juventus បាន Juventus ក៏ធ្វើការវាយបកវិញយ៉ាងលឿនៗ ហើយ Dani Alves បានកាត់បាល់មកមុខទីរបស់ Monacoឲ្យមិត្តរួមក្រុមរបស់ខ្លួន Higuainធ្វើឲ្យHiguainស៊ុតបំបោងសំណាញ់ទីបានសម្រេចនៅនាទី២៨ ។ លទ្ធផល ១ទល់នឹង០ នេះបន្តរហូតដល់ចប់តង់ទី១ ។
លុះចូលដល់តង់ទី២ កីឡាករ Higuainដដែលបានស៊ុតទម្លាយសំណាញ់ទីរបស់ Monaco មួយគ្រាប់ទៀត ដែលជាការកាត់បាល់ពីសំណាក់មិត្តរួមក្រុម Dani Alves ដដែលនៅនាទី៥៩ ។ លទ្ធផលភ្ញៀវ Juventus នាំមុខក្រុមម្ចាស់ផ្ទះ AS Monaco ២ទល់នឹង០ នេះនៅបន្តរហូតដល់អាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ។ ដូច្នេះ លទ្ធផលជាផ្លូវការ Junventusឈ្នះ Monaco ក្នុងលទ្ធផល ២ទល់នឹង០ នៅជើងទី១ ។
សម្រាប់ស្ថិតិនៃការគ្រប់ក្រងបាល់យប់មិញនេះវិញ ក្រុមទាំងពីរមានឱគ្រប់ក្រងបាល់បាន៥០ភាគរយដូចគ្នា ។ ចំណែកចំនួនស៊ុត ម្ចាស់ផ្ទះ Monaco ស៊ុតបាន១៤ជើង រីឯ Juventus ស៊ុតបាន១០ជើង ក្នុងនោះ Monaco ស៊ុតចំគោលដៅ៥ដង ហើយJuventus ស៊ុតចំគោលដៅបាន៤ដង ។ Monaco បានបាល់ជ្រុង៧ដង រីឯ Juventus បាន៣ដង ។ Monaco បង្កកំហុស១១ដង ចំណែកឯ Juventus បង្កកំហុសរហូតដល់ទៅ១៣ដង ។
គួរបញ្ជាក់ផងដែរថា ការប្រកួតនៅជើងទី២សេះបង្កង់ Juventus នឹងបើកកីឡដ្ឋានទទួលស្វាគមន៍ AS Monaco វិញម្តងនៅសប្តាហ៍ក្រោយនេះ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions Leangueនេះ នឹងធ្វើការប្រកួតនៅថ្ងៃទី៤មិថុនា ខាងមុខនេះ នៅទឹកដីរបស់ប្រទេសវេល ៕
ប្រភព៖ BBC