ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

​រឿង​ឡាន​ពាក់​ស្លាក​លេខ​រដ្ឋ ! រថយន្ត​ក៏​ខ្ទេច​មុខ រដ្ឋមន្ត្រី​ក៏​បាក់មុខ ទ្រព្យសម្បត្តិ​រដ្ឋ​ក៏​ខូចខាត ព្រោះតែ​រថយន្ត​ពាក់​ស្លាក​លេខ «​រដ្ឋ​» បុក​រថយន្ត «​រាស្ត្រ​» 

វេលា​ម៉ោង​០៩​ព្រឹក នា​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៧​នេះ នៅត្រង់ចំណុច​បណ្តោយ​ផ្លូវ​បេតុង ចូល​បុរី​ពិភពថ្មី ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​បង្កដោយ​រថយន្ត​មួយគ្រឿង​ពាក់​ស្លាក​លេខ «​រដ្ឋ​» បុក​ពេញទំហឹង​ទៅលើ​រថយន្ត «​រាស្ត្រ​» ដែលជា​រថយន្ត​ដឹក​ទឹកកក​អនាម័យ​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ទាំងសងខាង និង​ជញ្ជាំង​ប៉ាណូ​បុរី​ពិភពថ្មី​ក៏​រង​ការខូចខាត​ដែរ ខណៈ​ស្ថានភាព​មនុស្ស​រងរបួស ឬ​គ្រោះថ្នាក់​យ៉ាងណា​នោះ មិនបាន​ដឹង​ទេ ។​

​ប្រភពព័ត៌មាន​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក Ssangyong Sports ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រដ្ឋ​25.2-0423 បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​បុក​ទៅលើ​រថយន្ត​ដឹក​ទឹកកក​អនាម័យ ប្រភេទ​កូរ៉េ​មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ភ្នំពេញ​2C-7835 បណ្តាល​ឲ្យ​រថយន្ត​ដឹក​ទឹកកក​អនាម័យ​ខ្ទាត​រេ​ចង្កូត​ជ្រុល​ទៅបុក​ជញ្ជាំង​ប៉ាណូ​បុរី​ពិភពថ្មី​រង​ការខូចខាត ខណៈ​រថយន្ត​បង្ក​ខ្ទេច​ខូចខាត​ខាងមុខ​យ៉ាងដំណំ​ទៅមុខ​លែងរួច ។ ក្រោយពេល​កើតហេតុ​ភ្លាមៗ គេ​ឃើញ​មាន​មនុស្ស​មក​សណ្តោង​យក​រថយន្ត​ចេញពី​កន្លែងកើតហេតុ​អស់ ដោយ​មិនដឹងថា មាន​មនុស្ស​រងរបួស​ដែរ​ឬក៏​អត់ និង​ដោះស្រាយ​គ្នា​ដោយ​វិធី​ណា​នោះដែរ ។​

​យោងតាម​ស្មារតី​មាត្រា​៥ និង​មាត្រា​៩​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧ អនក្រ​.​បក ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៣ ស្តីពី​ការចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ គឺ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​25.2-0423 ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រហូត​រង​ការខូចខាត​យ៉ា​ត​យ៉ាងដំណំ​នោះ ជា​រថយន្ត​ទ្រព្យសម្បតិ្ត​រដ្ឋ​ប្រើប្រាស់​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។​

​ដូច្នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ដែលជា​រថយន្ត​បង្ក​ក៏​ខ្ទេច​មុខ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជា​ម្ចាស់​ស្ថាប័នរដ្ឋ (​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​) ក៏​បាក់មុខ និង​ទ្រព្យសម្បត្តិ​រដ្ឋ​ក៏​រង​ការខូចខាត ដោយ​មិនដឹងថា អ្នកបើកបរ​រថយន្ត​បង្ក​ដែលជា​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹងត្រូវ​ជួសជុល​ប៉ះប៉ូវ​រថយន្ត​រដ្ឋ​នោះ​ឡើងវិញ​តាមរបៀប​ណា​ឡើយ ៕ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.