អ្នកនាំចេញអង្ករទៅកាន់ទីផ្សារបរទេស និងម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តម សុខ ពុទ្ធិវុធ កូនប្រុសរបស់សពសម្តេចវិបុលបញ្ញា សុខ អាន និងត្រូវជាកូនប្រសារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវការមិនពេញចិត្តទៅនឹងសហព័ន្ធស្រូវអង្ករកម្ពុជាដែលបានកំណត់យកកម្រៃសេវាពីអ្នកនាំចេញស្រូវអង្ករចំនួន០,៥ដុល្លារអាមេរិកក្នុង១តោនសម្រាប់អង្ករស និង១ដុល្លារអាមេរិកក្នុង១តោនសម្រាប់អង្ករក្រអូប ។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ AMRU Rice បាថ្លែងប្រាប់បណ្តាញសារព័ត៌មានថា «ក្រុមហ៊ុនលោក ក៏ដូចជាក្រុមហ៊ុនដទៃទៀតមិនពេញចិត្តឡើយចំពោះការកំណត់កម្រៃរដ្ឋបាលរបស់សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងតម្លៃខ្ពស់ពេក» ។ លោកបន្តទៀតថា «សហព័ន្ធស្រូវអង្ករកម្ពុជាគប្បីស្វះស្វែងរកជំនួយពីដៃគូអភិវឌ្ឍន៍ផ្សេងៗ ប្រសើរជាងដាក់បន្ទុកមកលើក្រុមហ៊ុននាំចេញ និងរោងម៉ាស៊ីនកិនស្រូវដែលត្រូចំណាយច្រើននោះ ។ ម្យ៉ាងទៀត សហព័ន្ធស្រូវអង្ករកម្ពុជាក៏មិនបានស្វែងរកទីផ្សារឲ្យបណ្តាក្រុមហ៊ុននាំចេញដែរ» ។
ប្រភពព័ត៌មាស្និទ្ធនឹងសហព័ន្ធស្រូវអង្ករកម្ពុជាដែលមានឯកឧត្តម សុខ ពុទ្ធិវុធ ជាប្រធានបានឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជាបានចំណាយប្រាក់ប្រមាណពី៧០ម៉ឺនដុល្លារអាមេរិកទៅ ៨០ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំៗ ។
លោក សុខ ពុទ្ធិវុធ ដែលជាកូនប្រុសបង្កើតរបស់សពសម្តេចវិបុលបញ្ញា សុខ អាន និងត្រូវជាកូនប្រសារបស់បុរសខ្លាំងនៃកម្ពុជា គឺជាអ្នកជំនួញដ៏សកម្មម្នាក់ ទទួលបានការតែងតាំងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្តីការគណៈរដ្ឋមន្ត្រីមានឋានៈស្មើអនុរដ្ឋលេខាធិការ ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានសហព័ន្ធព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICT Federation) ៕