ត្រកូល Manchester ខកចិត្តខ្លាំងក្រោយទទួលបាន១ពិន្ទុពីដៃគូប្រកួតកាលពីរាត្រីយប់មិញ ។
ក្លិបបីសាចក្រហម Manchester United និងមេឃខៀវ Manchester City បានបាត់បង់ឱកាសយក៣ពិន្ទុពីដៃគូប្រកួតនៅក្នុងសប្តាហ៍ទី៣៤ ក្នុងក្របខណ្ឌ លីគកំពូលរបស់អង់គ្លេស (English Premier League) កាលពីរាត្រីយប់មិញនេះ ។
កាលពីរាត្រីយប់មិញនេះ Manchester United បានបើកកីឡាដ្ឋាន Old Trafford របស់ខ្លួន ដើម្បីស្វាគមន៍ក្រុមភ្ញៀវ Swansea យ៉ាងកក់ក្តៅ ។ ក្នុងការប្រកួតនោះដែរ Man Utd មិនអាចរកបីពិន្ទុពីក្រុមភ្ញៀវ Swansea បានទេ ដោយឲ្យ១ពិន្ទុទៅ Swansea ត្រឡប់ទៅផ្ទះវិញក្នុងលទ្ធផល ១ទល់នឹង១ នៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនប្រមាណជាង៧ម៉ឺននាក់ ។
ជំនួបនៅOld Trafford យប់មិញនេះ Rooney បានរកគ្រាប់បាល់នាំមុខ១គ្រាប់ក្នុងនាមជាម្ចាស់ផ្ទះនៅចុងម៉ោងតង់ទី១ នាទី៤៥ ដោយបាល់ប៉េណាល់ទី មួយគ្រាប់នេះធ្វើឲ្យ Man Utd នាំមុខ Swansea (១-០) មុនបញ្ចប់តង់ទី១ ។ ចូលតង់ទី២លទ្ធផលត្រូវបានផ្លាស់ប្តូរ នៅពេលដែលកីឡាករខ្សែបម្រើ Sigurdsson របស់ Swansea ទាត់បាល់ Free Kick បញ្ចូលទីនៅចុងម៉ោងតង់ទី២យ៉ាងស្អាត ធ្វើឲ្យ David De Gea មិនអាចសង្គ្រោះបាល់បាន ។ មួយជើងរបស់ Sigurdsson នេះធ្វើឲ្យក្រុមទាំងពីរបញ្ចប់នូវលទ្ធផល ១ទល់នឹង១ បានម្នាក់១ពិន្ទុ ។
កាលប្រកួតនៅ Old Trafford យប់មិញនេះជាកំណត់ត្រាស្មើលើកទី១២ ក្រោមការដឹកនាំរបស់លោក Jose Mourinho (Special One) រដូវកាល (២០១៦-២០១៧) នេះ ។
ចំណែកឯក្រុម Manchester City ដែលជួបក្រុម បាតតារាង Middlesbrough ក៏ទទួលបានលទ្ធផលមិនខុសពី Man Utd ដែរ ពោលគឺ បាន១ពិន្ទុប៉ុណ្ណោះក្នុងទឹកដី Riverside Stadium របស់ម្ចាស់ផ្ទះ Middlesbrough ដោយលទ្ធផល ២ទល់នឹង២ ។ គ្រាប់ទី១រកបានដោយកីឡាករក្រុមម្ចាស់ផ្ទះ នៅនាទី៣៨ ជាការស៊ុតបញ្ចូលទីដោយកីឡាករ Negredo ជាអតីតកីឡាកររបស់ Man City ។ ចូលតង់ទី២ នាទី៦៧កីឡាករឆ្នើមរបស់ Man City Aguero រកបាន១គ្រាប់តាមស្មើក្រុមម្ចាស់ផ្ទះវិញដោយបាល់ប៉េណាល់ទី ។ រំលងបាន១០នាទី កីឡាករ Chambers ស៊ុតឲ្យ Middlesbrough នាំមុខសារជាថ្មីម្តងទៀតនៅនាទី៧៧ ប៉ុន្តែនៅចុងម៉ោង Jesus តែតមួយក្បាលបញ្ចូលទីយ៉ាងស្អាតឲ្យ Man City ធ្វើឲ្យក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផល២ទល់នឹង២ ។
ចំណែកឯកាំភ្លើងធំ Arsenal វិញអស់សង្ឃឹមក្នុងឱកាសដណ្តើមកៅអី Champions League ក្រោយមាន់ខ្នាយមាស Tottemham Hotspur បំបាក់ក្នុងលទ្ធផល (២-០) ។
ការបរាជ័យរបស់កាំភ្លើងធំ Arsenal យប់មិញនេះធ្វើឲ្យពួកគេតាមពីក្រោយក្រុមលេខ៤ Manchester City រហូតដល់ទៅ៦ពិន្ទុ ខណៈសប្តាហ៍ក្រោយត្រូវប៉ះជាមួយ បីសាចក្រហម Manchester United ទៀត ហើយក៏ជាសម្ពាធដ៏ធំមួយដែរសម្រាប់ក្រុមមកពីទីក្រុងឡុងភាគខាងជើងមួយនេះ (Arsenal) ។
រីឯ Spur វិញមានការសប្បាយចិត្តយ៉ាងខ្លាំងក្រោយបំបាក់ Arsenal ក្នុងលទ្ធផល ២ទល់នឹង០ ក្នុងទឹកដីរបស់ខ្លួន បន្តក្តីសង្ឃឹមប្រជែងយកពានលីគកំពូលរបស់អង់គ្លេស English Premier League ជាមួយតោខៀវ Chelsea ខណៈ Chelsea លុត Everton ៣ទល់នឹង០ ក្នុងថ្ងៃតែមួយ ៕
ប្រភព៖ BBC