នាសម័យព្រះរាជាណាចក្រកម្ពុជាទី២ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី មានមន្ត្រីរាជការស៊ីវិល ប្រដាប់អាវុធ មេធាវី មេសហជីព និងអ្នកជំនួញមិនតិចនាក់ទេ ដែលទទួលបានការតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សាថ្នាក់ដឹកនាំស្ថាប័នជាតិ (ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី…) ឲ្យមានឋានៈ និងងារជា «ឯកឧត្តម» ក្នុងនោះ ក៏មានមន្ត្រីថ្នាក់ក្រោមដែលមិនមានឋានៈជា «ឯកឧត្តម» មួយចំនួនក៏ទទួលបានការតែងតាំងជាទីប្រឹក្សាថ្នាក់ដឹកនាំស្ថាប័នជាតិ ឡើងឋានៈ និងងារជា «ឯកឧត្តម» បន្ថែមលើមុខងារបច្ចុប្បន្នផងដែរ ។
ព័ស្តុតាងជាក់ស្តែងមួយក្នុងចំណោមព័ស្តុតាងជាច្រើនទៀតបានបង្ហាញថា លោក ធុល នាង ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល ដែលតែងតាំងដោយត្រឹមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះ ទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៥ មានឋានៈស្មើរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១០៣៩ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ពោលគឺមានឋានៈ និងងារជា «ឯកឧត្តម» យ៉ាងហ៊ឺហា ។
ឋានៈជា «ឯកឧត្តម» របស់លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល ក្នុងនាមជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការនោះ ធ្វើឲ្យសមាជិករាជរដ្ឋាភិបាលដែលជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមិនតិចនាក់ឡើយត្រូវ «រួញខ្លួន» នឹងអំណាចរបស់ «ឯកឧត្តម ធុល នាង» ដែលជាមន្ត្រីក្រោមឱវាទរបស់ខ្លួន (Sic!) ។
ប្រការគួរឲ្យចាប់អារម្មណ៍ពោរពេញដោយការរិះគន់ទៀតនោះ គឺរាល់លិខិតស្នាមជាលាយលក្ខណ៍អក្សរ ជាពិសេសក្រុមសហជីពដែលសរសេរទៅកាន់លោក ធុល នាង ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល បើហៅថា «លោក ធុល នាង» ត្រូវបានមន្ត្រីខាងរដ្ឋបាលរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាលមិនទទួលយកឡើយ ហើយទាល់តែសរសេរដាក់ថា «ឯកឧត្តម ធុល នាង» ទើបខាងរដ្ឋបាលរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាលព្រមទទួលយកយ៉ាងរីករាយ រីកថ្លើមរីកប្រមាត់ ខណៈមានមន្ត្រីមួយចំនួនផ្សេងទៀតដែលមានឋានៈជា «ឯកឧត្តម» ក្នុងនាមជាទីប្រឹក្សា ឬជំនួយការថ្នាក់ដឹកនាំស្ថាប័នជាតិដែរ បើហៅ «លោក» សំដៅទៅលើតួនាទីមុខងាររបស់មន្ត្រីនោះ ត្រូវបានទទួលយកមិនប្រកែក ឬច្រានចោលដូចឯកឧត្តម ធុល នាង នោះទេ ។
សរុបសេចក្តីមក លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល គឺជាកំពូលមន្ត្រីម្នាក់ដែលស្រឡាញ់ចូលចិត្ត ឬឈ្លក់នឹងឋានៈ និងងារជា «ឯកឧត្តម» យ៉ាងជ្រាលជ្រៅ ឬងប់ងល់បំផុត ៕