គេហទំព័រសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា ក្រោយការដាក់ដំឡើងប្រព័ន្ធខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិកធុន THAAD នៅលើទឹកដីប្រទេសកូរ៉េខាងត្បូងដែលចិនតែងតែជំទាស់ច្រើនលើកច្រើនសារួចមកនោះ ក្រសួងការពារជាតិចិនបានប្រកាសយ៉ាងម៉ឺងម៉ាត់ថា នឹងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត ព្រមទាំងធ្វើតេស្តសាកល្បងសព្វាវុធថ្មីៗជាបន្តបន្ទាប់ឥតឈប់ឈរ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជាតិ ។
លោក Yanh Yujun មន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងប្រាប់បណ្តាញសារព័ត៌មានកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ម្សិលមិញថា «ការដាក់ពង្រាយនៃប្រព័ន្ធខែលការពារមីស៊ីល THAAD នៅប្រទេសកូរ៉េខាងត្បូងនឹងបង្កផលប៉ះពាល់ខ្លាំងដល់ស្ថិរភាព និងតុល្យភាពយុទ្ធសាស្ត្រនៅក្នុងតំបន់ ដូចដែលចិនធ្លាប់បានប្រឆាំងដាច់ខាតរួចហើយៗ យោធារបស់ចិននឹងបន្តធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក៏ដូចជាការធ្វើតេស្តសាកល្បងទៅលើសព្វាវុធថ្មីៗដើម្បីថែរក្សាការពារសន្តិសុខជាតិផ្ទាល់ រួមទាំងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់» ។
ទាំងភាគីសហរដ្ឋអាមេរិក ទាំងភាគីប្រទេសកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តនឹងគ្នាធ្លាប់បានបកស្រាយ និងបានបង្ហាញអំពីគោលបំណងរបស់ខ្លួនរួចហើយថា ការដាក់ដំឡើង និងពង្រាយប្រព័ន្ធខែលការពារមីស៊ីលធុន THAAD នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង គឺដើម្បីការពារទប់ទល់ទៅនឹងកម្មវិធីអាវុធមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ។
អ្នកវិភាគវិស័យយោធា និងសព្វាវុធអន្តរជាតិបានធ្វើការកត់សម្គាល់ថា ការដាក់ដំឡើងប្រព័ន្ធខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិកធុន THAAD នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង ហាក់មិនបង្កឲ្យមានការព្រួយបារម្ភដល់ប្រទេសកូរ៉េខាងជើងខ្លាំងក្លាឡើយ តែវាបង្កការបារម្ភខ្លាំងដល់ប្រទេសចិនទៅវិញ ដ្បិតចិនយល់ឃើញថា ឥទ្ធិពលគ្របដណ្តប់នៃប្រព័ន្ធមីស៊ីល THAAD គឺវាធ្វើឲ្យធ្លាក់ចុះនូវសមត្ថភាពការពារខ្លួនរបស់ប្រទេសចិន (មានន័យថា មីស៊ីលវាយលុកដែលចិនមានសឹងនឹងក្លាយជាលែងមានន័យខ្លឹមសារចំពោះឥទ្ធិពលរបស់ប្រព័ន្ធខែលការពារមីស៊ីល THAAD នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង) ។
តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump មានបំណងទារលុយចំនួន១ពាន់លានដុល្លារពីប្រទេសកូរ៉េខាងត្បូងលើការដំឡើងប្រព័ន្ធខែលការពារមីស៊ីលធុន THAAD ដើម្បីទប់ស្កាត់ការគំរាមកំហែងរបស់មីស៊ីលកូរ៉េខាងជើងនោះ ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកចង់ឲ្យប្រទេសកូរ៉េខាងត្បូងក្លាយជាម្ចាស់នៃប្រព័ន្ធខែលការពារមីស៊ីល THAAD តែម្តង ។
មន្ត្រីក្រសួងការពារជាតិប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ឲ្យដឹងថា សម្ភារៈបរិក្ខារសំខាន់ៗ ដូចជាប្រព័ន្ធរ៉ាដា X-band សម្រាប់បំពាក់ និងដំឡើងខែលមីស៊ីល THAAD បានដឹកជញ្ជូនមកដល់ទីតាំងត្រូវដំឡើងហើយៗ THAAD អាចនឹងត្រូវដាក់ឲ្យដំណើរការតេស្តសាកល្បងនៅពេលខាងមុខឆាប់ៗ ៕