យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបន្ទាប់ពីបានការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាសម័យប្រជុំថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់អនុញ្ញាតឲ្យចៅក្រមបម្រើការងារនៅតុលាការកំពូលដែលមានអាយុចាប់ពី៦៦ឆ្នាំរហូតដល់៧៧ឆ្នាំ ចំនួន៥នាក់បាននៅបន្តការងារតទៅទៀត (មិនដាក់ឲ្យចូលនិវត្តន៍) ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/២៤៨ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ចៅក្រមតុលាការកំពូលមានអាយុចាប់ពី៦៦ឆ្នាំរហូតដល់៧៧ឆ្នាំទាំង៥នាក់ ដែលត្រូវបានអនុញ្ញាតឲ្យនៅបន្តបម្រើការងារតទៅទៀត (មិនដាក់ឲ្យចូលនិវត្តន៍) នោះ រួមមាន ៖
១-ឯកឧត្តម ឌិត មុន្ទី (អាយុដាក់ក្នុងក្របខ័ណ្ឌសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គឺ៧៦ឆ្នាំ និងអាយុដាក់ក្នុងក្របខ័ណ្ឌអង្គចៅក្រមគឺ ៧៣ឆ្នាំ) ប្រធានតុលាការកំពូល និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ នៅក្នុងក្របខ័ណ្ឌការងារគណបក្សនយោបាយ គឺឯកឧត្តម ឌិត មុន្ទី ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
២-ឯកឧត្តម ឃឹម ប៉ុណ្ណ អាយុ៧៧ឆ្នាំ ជាអនុប្រធានតុលាការកំពូល ។ នៅក្នុងក្របខ័ណ្ឌការងារគណបក្សនយោបាយ គឺឯកឧត្តម ឃឹម ប៉ុណ្ណ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
៣-ឯកឧត្តម ជីវ កេង អាយុ៦៦ឆ្នាំ ជាអនុប្រធានតុលាការកំពូល និងជាសហប្រធានក្រុមអធិការកិច្ចនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម (អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញរយៈពេលជិត១០ឆ្នាំ) ។ នៅក្នុងក្របខ័ណ្ឌការងារគណបក្សនយោបាយ គឺឯកឧត្តម ជីវ កេង ជាសមាជិកគណបក្សប្រជាជនកម្ពុជាចុះពង្រឹងមូលដ្ឋាននៅខេត្តតាកែវយ៉ាងសកម្ម ។
៤-លោក ទី ណេង អាយុ៧៣ឆ្នាំ ជាចៅក្រមតុលាការកំពូល និងជាអតីតចៅក្រមសាលាឧទ្ធរណ៍ ។
៥-លោក យស់ សូខឿន អាយុ៧២ ជាចៅក្រមតុលាការកំពូល ។
មាត្រា៦២ កថាខណ្ឌទី១ និងកថាខណ្ឌទី២នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៧១៤/០១៦ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ បានចែងទាំងរបៀប «មិនដាច់ណាត់ច្បាស់លាស់» ថា «ចៅក្រមទាំងពីរភេទត្រូវចូលនិវត្តន៍នៅពេលគ្រប់អាយុ៦០ឆ្នាំ ។ ចៅក្រមទាំងអស់នៃតុលាការកំពូលដែលមានអយុ៦០ឆ្នាំឡើងទៅ ត្រូវចូលនិវត្តន៍តាមការស្នើសុំរបស់សាមីខ្លួន ។ ប៉ុន្តែ នៅពេលដល់អាយុ៦៥ឆ្នាំ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវសម្រេចពីការបន្តការងាររបស់ចៅក្រមទាំងអស់នៃតុលាការកំពូលតាមការស្នើសុំរបស់សាមីខ្លួន ។» ។
អនុលោមតាមមាត្រា៦២ កថាខណ្ឌទី១ និងកថាខណ្ឌទី២នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញាខាងលើ គឺបានបង្ហាញឲ្យឃើញថា ចៅក្រមតុលាការកំពូលទាំង៥នាក់ដែលមានអាយុចាប់ពី៦៦ឆ្នាំដល់៧៧ឆ្នាំដែលមិនទាន់ត្រូវបានដាក់ឲ្យចូលនិវត្តន៍ តែធ្លាប់ត្រូវបានពន្យារពេលចូលនិវត្តន៍តាមរយៈការសុំនៅបន្តការងារនោះ គឺសុទ្ធតែចង់នៅបម្រើការងារតទៅទៀត ដោយមិនកំណត់អាយុ ៕