គេហទំព័រសារព័ត៌មាន Sputniknews របស់រុស្ស៊ីផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ដោយដកស្រង់ពីសារព័ត៌មាន Washington Post របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រុមហ៊ុនផលិតសម្លៀកបំពាក់ម៉ាកល្បីឈ្មោះ Tommy Hilfiger និង Calvin Klein ដែលគ្រប់គ្រងដោយលោកស្រី Ivanka Trump ជាកូនស្រីច្បងរបស់លោក Donald Trump ជាមហាសេដ្ឋីមានទ្រព្យសម្បត្តិកម្រិតពាន់លានដុល្លារ និងជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក មានកម្មករ និយោជិតបម្រើការងារចំនួន៨០នាក់ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺក្នុងរយៈពេល១សប្តាហ៍ស្មើនឹង៦០ម៉ោង កម្មករ និយោជិតម្នាក់ទទួលបានប្រាក់ឈ្នួលត្រឹមចំនួន៦២ដុល្លារប៉ុណ្ណោះ ពោលស្មើនឹង១ដុល្លារក្នុង១ម៉ោង ខណៈកម្មករ និយោជិតទទួលបានច្បាប់ឈប់សម្រាកត្រឹមតែចំនួន០៥ថ្ងៃប៉ុណ្ណោះក្នុង១ឆ្នាំ ។
របាយការណ៍ស៊ើបអង្កេតមួយដែលបានធ្វើកាលពីខែតុលា ឆ្នាំ២០១៦កន្លងមកបានបង្ហាញឲ្យឃើញថា លក្ខខណ្ឌការងារនៅក្នុងក្រុមហ៊ុនផលិតសម្លៀកបំពាក់គ្រប់គ្រងដោយលោកស្រី Ivanka Trump ត្រូវជាកូនស្រីច្បងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នេះ មានកម្រិតទន់ខ្សោយណាស់ ពោលគឺបានរំលោភបំពានទៅលើសិទ្ធិ និងស្តង់ដារការងាររបស់អង្គការ ILO និងស្តង់ដារការងាររបស់សមាគមយុត្តិធម៌ផ្នែកការងារ ។
ការកត់សម្គាល់ជាក់ស្តែងបានបង្ហាញឲ្យឃើញដែរថា ទោះបីមានអ្នកលក់រាយជាច្រើនបានឈប់លក់ផលិតផលក្រុមហ៊ុនរបស់លោកស្រី Ivanka Trump ក៏ដោយ ក៏ផលិតផលរបស់ក្រុមហ៊ុនម៉ាកល្បីឈ្មោះនេះ ចាប់ផ្តើមមានសន្ទុះលក់ដាច់ខ្លាំងចាប់តាំងពីលោកមហាសេដ្ឋី Donald Trump ត្រូវជាឪពុករបស់លោកស្រីឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកមក ។
លោកស្រី Ivanka Trump អាយុ៣៥ឆ្នាំ ត្រូវជាកូនស្រីច្បងរបស់លោក Donald Trump ជាមួយលោកស្រី Ivanka Zelnickova ដែលជាភរិយាទី១ (រៀបការឆ្នាំ១៩៧៧ និងលែងលះគ្នាវិញនាឆ្នាំ១៩៩២ ដោយមានកូនចំនួន៣នាក់ ប្រុស២ ស្រី១) ។ នាង Ivanka Trump បានរៀបការនៅឆ្នាំ២០០៩មានកូនចំនួន៣នាក់ ។ ក្រៅពីជាអ្នកជំនួញដ៏សកម្ម គឺលោកស្រី Ivanka Trump អតីតជាតារាម៉ូដែលរូបនេះ បច្ចុប្បន្នក៏ជាជំនួយការរបស់ឪពុកនាងជាប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ ៕