ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

រឿងអាស្រូវ​ផ្កាយ​២​ប៉េអឹម​យក​កែវស្រា​វាយ​ក្បាល​អាណិកជន​ក្នុង​មង្គលការ ! ផ្កាយ​៤ សៅ សុខា មេ​ប៉េអឹម​បញ្ជា​ឲ្យ​ចុះ​ធ្វើ​អធិការកិច្ច​

​​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ផ្កាយ​២​ប៉េអឹម​ម្នាក់​មាន​តួនាទី​ជា​នាយរង​សេនាធិការ​នៃ​សេនាធិការដ្ឋានកង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​យក​កែវស្រា​វាយ​ក្បាល​អាណិកជន​បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ជោក​ខ្លួន​ក្នុង​ពិធីមង្គលការ​មួយ​នៅ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​រាត្រី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នោះ ត្រូវបាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាត់​បញ្ជា​ឲ្យ​ក្រុមមន្ត្រី​អធិការកិច្ច និង​ក្រុមប្រឹក្សាវិន័យ​ចុះ​ស្រាវជ្រាវ​ហើយ ។​

​ជនបង្ក​នៅក្នុង​សំណុំរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខាងលើ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ផាន់ វណ្ណា​រ៉េត នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​១៣៨៦០៧ មាន​តួនាទី​ជា​នាយរង​សេនាធិការ​នៃ​នៃសេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បុរស​ជនរងគ្រោះ​ដែលជាអាណិកជន​ខ្មែរ-អាមេរិកាំង ទើប​មកលេង​ស្រុក​ខ្មែរ​ចូលរួម​ក្នុង​ពិធីមង្គលការ​បងប្អូន​នោះ មានឈ្មោះ ឃុន សារ៉ាត់ អាយុ៣៧ឆ្នាំ ។​

​គួរ​រំលឹក​ជូន​ថា កាលពី​រាត្រី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ក្នុង​ពិធីមង្គលការ​មួយ​ឋិត​នៅ​ភូមិ​ស្រែ​ខ្ញែ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បានកើត​មាន​អំពើហិង្សា​រវាង​ភ្ញៀវ និង​ភ្ញៀវ​ចូលរួម​ដែលជា​សាច់ញាតិ​ម្ចាស់​ដើមការ ដោយ​ជនបង្ក គឺ​លោក​ផ្កាយ​២​ប៉េអឹម ផាន់ វណ្ណា​រ៉េត ហៅ តយ និង​ជនរងគ្រោះ​ក្រោម​ទម្ងន់​កែវស្រា​របស់លោក​ផ្កាយ​២ ផាន់ វណ្ណា​រ៉េត ដែល​ទទួល​រងរបួស​បែកក្បាល​ហូរឈាម​ជោក​ខ្លួន និង​ជា​អាណិកជន​ផង​មានឈ្មោះ ឃុន សារ៉ាត់ ខណៈ​ជនបង្ក​មិន​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​ក្នុង​បទល្មើស​ជាក់ស្តែង​ក្រោយពេល​កើតហេតុ​ឡើយ ហើយ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ ៕ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.