ថ្ងៃ ចន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០២២

​មហាអំណាច​យោធា​ បញ្ចេញ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ជំនាន់​ថ្មី ! អាមេរិក​ បាញ់​តេស្ត​សាកល្បង​មី​ស៊ី​ល​ធុន Minuteman III ប្រកបដោយ​ជោគជ័យ​

​គេ​ទំព័រសារព័ត៌មាន Sputniknews របស់​រុស្ស៊ី​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា កងកម្លាំង​ទាហាន​សហរដ្ឋអាមេរិក ​បាន​បាញ់​តេស្ត​សាកល្បង​នូវ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ជំនាន់​ថ្មី​របស់ខ្លួន​ធុន Minuteman III ( LGM-30G ) ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ មាន​កម្លាំង​ផ្ទុះ​ដ៏​មហិមា​ ប្រកបដោយ​ជោគជ័យ ខណៈ​ស្ថានការណ៍​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ របស់​ប្រទេស​កូរ៉េខាងជើង ​កំពុង​តានតឹង​ខ្លាំង ។​

​កាល​បាញ់​តេស្ត​សាកល្បង​នូវ​អាវុធ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប ​ជំនាន់​ថ្មី​របស់​សហរដ្ឋអាមេរិក​ធុន Minuteman III នេះ បាន​ប្រព្រឹត្តទៅ​ កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៧​ម្សិលមិញ ដោយ​បាញ់​ចេញពី​ភាគ​ខាងជើង​មូលដ្ឋាន​ទ័ពអាកាស Vandenberg ។

​លោក​វរសេនីយ៍ឯក John Moss មេបញ្ជាការ​ដឹកនាំ​កម្មវិធី​តេស្ត​សាកល្បង​មី​ស៊ី​ល​ បាន​ថ្លែង​ឲ្យ​ដឹងថា ការបាញ់​តេស្ត​សាកល្បង​នូវ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ធុន Minuteman III នេះ គឺ​ស្ថិត​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​ជាតិ​​ របស់​សហរដ្ឋអាមេរិក ​​ដើម្បី​សាកល្បង​សមត្ថភាព​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ ដែល​ទើប​ធ្វើ​ទំនើបកម្ម​ថ្មី ។​

​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប ( Intercontinental Ballistic Missile-ICBM ) ធុន Minuteman III ( LGM-30G ) របស់​សហរដ្ឋអាមេរិក​នេះ ត្រូវបានធ្វើ​ទំនើបកម្ម​ថ្មី​ចេញពី ​មី​ស៊ី​ល​ធុន Minuteman I និង Minuteman II ដែល​ផលិត​ដោយ​ក្រុមហ៊ុន Boeing ដោយមាន​តម្លៃ​ប្រមាណ​ ៧​លាន​ដុល្លារ​អាមេរិក​ ក្នុង​១​គ្រាប់ ។ មី​ស៊ី​ល​ប្រភេទ​នេះ មាន​ទម្ងន់​ជាង ​៣៥​តោន ប្រវែង​ជាង ​១៨​ម៉ែត្រ វា​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែលមាន​កម្លាំង​ផ្ទុះ​ដ៏​មហិមា ដោយ​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ ១៣ ០០០​គីឡូម៉ែត្រ ជាមួយនឹង​ល្បឿន​ប្រមាណ ​២៨ ១៧៦​គីឡូម៉ែត្រ​ ក្នុង​១​ម៉ោង ។​

​តាម​គម្រោង ​ដែល​បានគ្រោង​ទុក គឺ​សហរដ្ឋអាមេរិក ​នឹង​ចំណាយ​ប្រាក់​ប្រមាណ ​៧​ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើបកម្ម និង​ផលិត​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ធុន Minuteman III ចំ​​​នួន​ ៤៥០​គ្រាប់ ។​

​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប ( ICBM ) ធុន Minuteman III ( LGM-30G ) របស់​សហរដ្ឋអាមេរិក​ ដែល​ទើប​ធ្វើតេស្ត​សាកល្បង​ប្រកបដោយ​ជោគជ័យ​នាពេល​ថ្មីៗ​នេះ អាច​ចាត់ទុកថា ជា​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ លំដាប់​ទី​២​ បន្ទាប់ពី​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ប្រភេទ SLBM ( ​មី​ស៊ី​ល​សម្រាប់​បាញ់​ចេញពី​នាវាមុជទឹក ​) បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ធុន Trident II ( UGM-133A ) ដែល​បាញ់​បាន​ក្នុង​កម្រិត​ល្បឿន ​២៩ ០២០​គីឡូម៉ែត្រ​ ក្នុង​១​ម៉ោង និង​មានតម្លៃ​រហូតដល់​ជាង ​៣៧​លាន​ដុល្លារ​អាមេរិក ​ក្នុង​១​គ្រាប់ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.