សេចក្តីរាយការណ៍ពីខេត្តប៉ៃលិនបានឲ្យដឹងថា ក្នុងចំណោមបុរសចំនួន៤នាក់ ដែលសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិនសហការជាមួយកងរាជអាវុធហត្ថខេត្តបាត់ដំបងចាប់ឃាត់ខ្លួនបាននៅក្រុងបាត់ដំបង ខេត្តបាត់ដំបងតាមដីកាបង្គាប់របស់តុលាការកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ជាប់ពាក់ព័ន្ធនឹងសកម្មភាពចាប់ជំរិត និងបង្ខាំងមនុស្សខុសច្បាប់ (ជំរិតអាជីវករជនជាតិថៃ) នោះ ត្រូវបានដោះលែងជាបន្តបន្ទាប់អស់ចំនួន៣នាក់ហើយៗនៅសល់តែម្នាក់ប៉ុណ្ណោះ ។
ប្រភពព័ត៌មានពីសាលាដំបូងខេត្តប៉ៃលិនបានឲ្យដឹងថា បុរសទី៣ក្នុងចំណោមបុរសទាំង៤នាក់ ដែលទើបត្រូវបានស្ថាប័នតុលាការដោះលែងឲ្យមានសេរីភាពកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧កន្លងទៅថ្មីៗ (មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ) តាមដីកាបង្គាប់ឲ្យដោះលែងចុះហត្ថលេខាដោយលោកចៅក្រម លាង សួគ៌ ប្រធានសាលាដំបូងខេត្តប៉ៃលិន និងលោក តូច សុភក្តី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន គឺមានឈ្មោះ ហ៊ាង សុភ័ក្ត្រ អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ដូច្នេះ ជនជាប់ចោទពាក់ព័ន្ធនឹងសំណុំរឿងចាប់ជំរិត និងបង្ខាំងមនុស្សខុសច្បាប់ខាងលើនេះ ក្នុងចំណោមបុរសទាំង៤នាក់ គឺនៅសល់តែបុរសម្នាក់ឈ្មោះ កា ប៊ុនស អាយុ៤៣ឆ្នាំ ប៉ុណ្ណោះ ដែលនៅបន្តជាប់ឃុំខ្លួននៅឡើយ ។
បុរសចំនួន៤នាក់ ដែលត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនបានតាមពាក្យបណ្តឹងរបស់អាជីវករជនជាតិថៃឈ្មោះ ណាត់ ថាក់ផុង អាយុ៤៥ឆ្នាំ រស់នៅខេត្តច័ន្ទបុរី ប្រទេសថៃ ចោទប្រកាន់ពីបទចាប់ជំរិត និងបង្ខាំងមនុស្សខុសច្បាប់ កាលពីអំឡុងឆ្នាំ២០១៦នោះ រួមមាន ៖ ១-ឈ្មោះ ហ៊ាង សុភ័ក្ត្រ (ដោះលែងហើយ) ២-ឈ្មោះ ហាស់ ញាណ អាយុ៣៤ឆ្នាំ (ដោះលែងហើយ) ៣-ឈ្មោះ ធាម យុទ្ធិដា អាយុ៣៣ឆ្នាំ (ដោះលែងហើយ) និង៤-ឈ្មោះ កា ប៊ុនស (កំពុងបន្តជាប់ឃុំនៅឡើយ) ។ វត្ថុតាងជាច្រើនដែលរឹបអូសបាននៅក្នុងសំណុំរឿងប្រព្រឹត្តល្មើសនេះរួមមាន ៖ រថយន្តទំនើបម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-2267 ចំនួន១គ្រឿង ,ទូរស័ព្ទដៃចំនួន ៦គ្រឿង ,លុយថៃ ចំនួន១ម៉ឺនបាត ,លុយខ្មែរ ចំនួន៤៤ម៉ឺនរៀល ,ខ្សែកលោហៈពណ៌លឿង ចំនួន២ខ្សែ ,ខ្សែដៃមាស ចំនួន២ខ្សែ , ចិញ្ចៀនមាស ចំនួន២វង់ និងនាឡិកាដៃ ចំនួន២គ្រឿង ។
យោងតាមពាក្យបណ្តឹងរបស់អាជីវករជនជាតិថៃឈ្មោះ ណាត់ ថាក់ផុង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅខេត្តច័ន្ទបុរី ប្រទេសថៃ បានអះអាងឲ្យដឹងថា ក្រុមជនដៃដល់បានធ្វើសកម្មភាពចាប់ជំរិតពួកខ្លួនចំនួន៣នាក់ គឺ រូបខ្លួនផ្ទាល់ ប្រពន្ធខ្លួន និងមិត្តភក្តិរបស់ខ្លួនម្នាក់ទៀត ដោយរឹបអូសយកមាសជាខ្សែដៃ ខ្សែក អស់សរុបចំនួន១៧តម្លឹង និងទូរស័ព្ទដៃចំនួន៨គ្រឿង ។
មិនទាន់មានប្រភពជាក់លាក់ណាមួយបញ្ជាក់ឲ្យដឹងថា វត្ថុតាងដែលចាប់យកខាងលើ ត្រូវបានប្រគល់ឲ្យទៅជនរងគ្រោះ ជាដើមបណ្តឹងរដ្ឋប្បវេណីវិញ ឬយ៉ាងណានៅឡើយទេ ខណៈជនជាប់ចោទត្រូវបានដោះលែងជិតអស់ហើយ ៕