គេហទំព័រ Nationalinterest បានផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧កន្លងទៅថ្មីៗឲ្យដឹងថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងដែលកំណត់ពេលតេស្តសាកល្បងបាញ់មីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើកទី៦នោះ បានបង្កឲ្យប្រជាពលរដ្ឋជប៉ុនសម្តែងនូវការព្រួយបារម្ភអំពីការសាយភាយនៃវិទ្យុសកម្ម និងឧស្ម័នពុល ខណៈតម្រូវការទីជម្រក និងឧបករណ៍ការពារវិទ្យុសកម្ម ព្រមទាំងឧបករណ៍បន្សុទ្ធខ្យល់ការពារឧស្ម័នពុលបាននិងកំពុងលក់ដាច់ខ្លាំងយ៉ាងគំហុកនៅប្រទេសជប៉ុន ។
ក្រុមហ៊ុន Oribe Seiki Seisakusho ជាក្រុមហ៊ុនឯកទេសជំនាញផលិតទីជម្រកសម្រាប់ការពារវិទ្យុសកម្ម និងឧស្ម័នពុលដែលសាយភាយពីអាវុធនុយក្លេអ៊ែរដ៏មហាប្រល័យបានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនទទួលបានការបញ្ជាទិញនូវគម្រោងការពារទាំងនេះ រហូតដល់៨គម្រោងឯណោះ គឺជាតួលេខដ៏ខ្ពស់ ។
លោក Nobuko Oribe នាយកប្រតិបត្តិក្រុមហ៊ុន Oribe Seiki Seisakusho របស់ជប៉ុនបានថ្លែងបញ្ជាក់ឲ្យដឹងដែរថា ជម្រកការពារខ្លួនពីគ្រាប់បែកនុយក្លេអ៊ែរដែលក្រុមហ៊ុនបានលក់មានតម្លៃប្រមាណ២២៧ ២១០ដុល្លារអាមេរិកក្នុងមួយគម្រោង និងឧបករណ៍របាំងម៉ាសការពារឧស្ម័នពុលវិញមានតម្លៃប្រមាណពី៥ ៦៣០ដុល្លារអាមេរិកទៅ១៣ ៤៤០ដុល្លារអាមេរិក ។
លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុនដែលដកស្រង់ដោយគេហទំព័រ Ibtimes របស់អង់គ្លេសផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ម្សិលមិញ បានថ្លែងឲ្យដឹងក្នុងអង្គប្រជុំសភាថា កូរ៉េខាងជើងទំនងជាមានសមត្ថភាពបាញ់មីស៊ីលដែលផ្ទុកដោយឧស្ម័នពុល ។ ដូច្នេះ យើងត្រូវតែការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងដោយមិនត្រូវធ្វេសប្រហែសឡើយ ។
មិនត្រឹមតែប្រជាពលរដ្ឋជប៉ុនទេ ដែលសម្តែងនូវការព្រួយបារម្ភទៅនឹងការសាយភាយសារធាតុវិទ្យុសកម្ម និងឧស្ម័នពុលក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនោះ គឺបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Global Times របស់ចិនបានបង្ហាញឲ្យដឹងថា ប្រជាពលរដ្ឋចិនរស់នៅភាគឦសាននៃប្រទេសក៏បាននិងកំពុងព្រួយបារម្ភនិងការសាយភាយនូវវិទ្យុសកម្ម និងឧស្ម័នពុលចេញពីការធ្វើតេស្តសាកល្បងគ្រាប់បែកនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែរ ។
ក្នុងដំណើរការសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំដើម្បីអបអរសាទរថ្ងៃបង្កើតកងកម្លាំងយោធាខួបអនុស្សាវរីយ៍លើកទី៨៥ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ម្សិលមិញ គឺប្រទេសកូរ៉េខាងជើងមិនបានបង្ហាញសកម្មភាពមិនប្រក្រតីណាមួយឈានទៅដល់ការធ្វើតេស្តសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៦របស់ខ្លួនឡើយ ពោលបានត្រឹមចេញសារព្រមានមួយដែលចុះផ្សាយដោយសារព័ត៌មាន Rodong Sinmun មានខ្លឹមសារថា «កូរ៉េខាងជើងនឹងធ្វើការឆ្លើយតបចំពោះកម្លាំងទ័ពសហរដ្ឋអាមេរិក ដោយកម្លាំងទ័ពវិញ ប្រសិនបើប្រទេសកូរ៉េខាងជើងទទួលរងនូវការវាយប្រហារណាមួយ ។ យុគសម័យភេរវកម្មនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានបញ្ចប់ជារៀងរហូតហើយ ព្រោះកូរ៉េខាងជើងអាចអភិវឌ្ឍន៍សមត្ថភាពអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ។ » ៕