ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយវិថីលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ តែងនាំគ្នារអ៊ូររទាំចំពោះការកកស្ទះចរាចរណ៍លំបាកក្នុងការធ្វើដំណើរដោយសារមានផ្ទះសំណាក់មួយយីហោ «មហាហេង» ដាក់តាំងស្លាកយីហោរបស់ខ្លួននៅលើផ្លូវសាធារណៈតែម្តង ។ ជាក់ស្តែង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧កន្លងទៅ នៅត្រង់ចំណុចមុខផ្ទះសំណាក់ «មហាហេង» នេះ មានការកកស្ទះចរាចរណ៍អស់រយៈពេលជាច្រើនម៉ោង ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្បែរខាងផ្ទះសំណាក់យីហោ «មហាហេង» បានបង្ហើបប្រាប់ឲ្យដឹងថា មិនត្រឹមតែយកផ្លូវសារធារណៈមប្រើសេវាកម្មកើបលុយដាក់ហោប៉ៅផ្ទាល់ខ្លួនរយៈពេល២៤ម៉ោងលើ២៤ម៉ោង គឺស្មើនឹង១ថ្ងៃពេញប៉ុណ្ណោះទេ អ្នកគ្រប់គ្រងផ្ទះសំណាក់យីហោ «មហាហេង» តែងមានចេតនាបង្ករឿងជាមួយអ្នកប្រកបរបរអាជីវកម្មបើកផ្ទះសំណាក់ឋិតនៅជិតខាងគ្នាទៀតផង ។
ប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរមូលដ្ឋានមួយរូបបានឲ្យដឹងដែរថា ម្ចាស់ទីតាំងជួលឲ្យមានការបើកផ្ទះសំណាក់យីហោ «មហាហេង» នោះ គឺអះអាងខ្លួនឯងថា ជាមន្ត្រីជំនួយការកងរាជអាវុធហត្ថម្នាក់ឈ្មោះ ឈុន ហ៊ាង ដែលជាអ្នកចេះបកប្រែភាសាចិនមានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ ។ ទំនងជាអាងអំណាចម្ចាស់ផ្ទះជួលជាជំនួយការប៉េអឹមដូច្នេះហើយ ទើបថៅកែផ្ទះសំណាក់យីហោ «មហាហេង» មានចរិតទំនើងមិនខ្វល់នឹងការរំខានដល់អ្នកដទៃប្រើប្រាស់ផ្លូវសាធារណៈ និងអ្នករស់នៅជិតខាងអ្វីឡើយ រហូតដល់ផ្ទះសំណាក់យីហោ «មហាហេង» ត្រូវបានអ្នករស់នៅក្បែរខាងហៅថា ផ្ទះសំណាក់ «មហាទំនើង» ។
ក្រុមប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់តាមបណ្តោយវិថីលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ និងអ្នករស់នៅជិតខាងផ្ទះសំណាក់យីហោ «មហាហេង» បានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមេត្តាចុះត្រួតពិនិត្យមើល និងមានវិធានការទៅលើថៅកែផ្ទះសំណាក់យីហោ «មហាហេង» ដែលមានរហស្សនាមថា ផ្ទះសំណាក់ «មហាទំនើង» នោះផង ដើម្បីទប់ស្កាត់កុំឲ្យ «ទំនើង» តទៅទៀត និងម្យ៉ាងកុំឲ្យប្រជាពលរដ្ឋចោទប្រកាន់ថា អាជ្ញាធរក៏ចូលរួមសមគំនិតជាមួយម្ចាស់ផ្ទះសំណាក់ «មហាទំនើង» ដែលរកស៊ីកើបលុយផ្ទាល់ខ្លួនតែរំខានដល់អ្នកដទៃនោះដែរ ៕