យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បន្ទាប់ពីបានការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនាសម័យប្រជុំថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ ចៅក្រមសាលាដំបូងខេត្តកោះកុងម្នាក់ គឺលោក សាំង សេរី ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដាក់វិន័យក្រោមរូបភាពផ្លាស់ដោយបង្ខំចាត់ឲ្យទៅក្រសួងយុត្តិធម៌ អាចតម្រូវឲ្យទទួលការបណ្តុះបណ្តាលបន្ថែម និងការព្យួរពីការងារមិនឲ្យមានបៀវត្សរ៍ក្នុងរយៈពេល០៩ខែ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/២៤៥ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។
លោក សាំង សេរី ជាសិស្សចៅក្រមជំនាន់ទី៥សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ធ្លាប់ត្រូវបានចាត់ឲ្យទៅបម្រើការងារជាចៅក្រមកម្មសិក្សានៅសាលាដំបូងខេត្តកោះកុង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១១/៦៩៧ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ និងក្រោយមកក៏ទទួលបានការតាំងស៊ប់ក្នុងក្របខ័ណ្ឌអង្គចៅក្រម និងបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកោះកុង ដោយព្រះរាជាក្រឹត្យលេខនស/រកត/១១១២/៩៩៤ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ ។
ដោយការបំពេញមុខងារអស់រយៈពេលជាង៥ឆ្នាំនៅសាលាដំបូងខេត្តកោះកុងលេចចេញនូវរូបភាពមិនប្រក្រតីជាច្រើនករណីនោះ ទើបលោកចៅក្រម សាំង សេរី ត្រូវទទួលរងការដាក់វិន័យពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមតែម្តងទៅ ៕