គេហទំព័រ Thesun របស់អង់គ្លេសបានផ្សព្វផ្សាយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧កន្លងទៅថ្មីៗឲ្យដឹងថា អ្នកប្រមូលទិញសម្ភារៈបរិក្ខារយោធាចាស់ៗរក្សាទុកដាក់ម្នាក់បានប្រទះឃើញមាសុទ្ធចំនួន៥ដុំ ដោយក្នុង១ដុំៗមានទម្ងន់ប្រមាណ៥គីឡូក្រាម ហើយមានតម្លៃប្រមាណ១,២៤លានដុល្លារអាមេរិក នៅក្នុងរថក្រោះធុន T-54 របស់ទាហានអ៊ីរ៉ាក់ ដែលគេដាក់ការសង្ស័យថា មាសនោះត្រូវបានទាហានអ៊ីរ៉ាក់របប Saddam Hussein រឹបអូសពីប្រទេសគុយវែត នៅក្នុងសម័យសង្គ្រាមឈូងសមុទ្រ (Gulf War) នាអំឡុងឆ្នាំ១៩៩០ ។
លោក Nick Mead អាយុ៥៥ឆ្នាំ ជាម្ចាស់រថក្រោះដែលប្រមូលទិញបានយកមករក្សាទុកក្នុងឃ្លាំងនៅក្នុងចំណោមយានយន្តយោធាចំនួន១៥០មុខផ្សេងទៀតនោះ បាននិយាយបញ្ជាក់ឲ្យដឹងថា នៅពេលដែលលោកនិងជាងម៉ាស៊ីនរបស់លោកម្នាក់ទៀតឈ្មោះ Todd Chamberlain អាយុ៥០ឆ្នាំ រុះរើបើកមើលធុងសាំងរបស់រថក្រោះមួយគ្រឿងផលិតនៅប្រទេសរុស្ស៊ីធុន T-54/69 ដែលទិញបានមកក្នុងតម្លៃប្រមាណជាង៣ម៉ឺនដុល្លារអាមេរិកនោះ ស្រាប់តែប្រទះឃើញមាសសុទ្ធចំនួន៥ដុំ ដោយក្នុង១ដុំៗមានទម្ងន់ប្រមាណ៥គីឡូក្រាមនៅក្នុងធុងសាំងរថក្រោះ ធ្វើឲ្យលោកនិងសហការីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ម្ចាស់រថក្រោះដែលជួបប្រទះនឹងភ័ព្វសំណាងជាមួយដុំមាសទម្ងន់ប្រមាណ២៥គីឡូក្រាម និងមានតម្លៃប្រមាណ១,២៤លានដុល្លារអាមេរិកនោះ បានដាក់ការសន្និដ្ឋានថា ដុំមាសដែលគេលាក់ទុកនៅក្នុងធុងសាំងរថក្រោះធុន T-54 ផលិតនៅប្រទេសរុស្ស៊ី ពីមុនប្រើប្រាស់ដោយទាហានអ៊ីរ៉ាក់ក្នុងរបប Saddam Hussein ទំនងជាក្រុមទាហានប្លន់រឹបអូបពីប្រទេសគុយវែតក្នុងអំឡុងសង្គ្រាមឈូងសមុទ្រឆ្នាំ១៩៩០ ដែលអ៊ីរ៉ាក់ឈ្លានពានគុយវែត ។
Saddam Hussein បានឡើងកាន់កាប់តំណែងជាប្រធានាធិបតីទី៥របស់អ៊ីរ៉ាក់នាខែកក្កដា ឆ្នាំ១៩៧៩ និងបានប្រើអំណាចឈ្លានពានប្រទេសគុយវែត នាឆ្នាំ១៩៩០ រហូតកើតមានសង្គ្រាមឈូងសមុទ្រ (Gulf War) ផ្ទុះឡើង ។ នៅទីបំផុត Saddam Hussein បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៦ នៅទីក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ ក្នុងជន្មាយុ៦៩ឆ្នាំ ៕