គេហទំព័រសារព័ត៌មាន Sputniknews របស់រុស្ស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា យន្តហោះចម្បាំងទម្លាក់គ្រាប់បែកខ្នាតធំរបស់រុស្ស៊ីធុន Tu-95 មួយគ្រឿងបានធ្វើការហោះហើរក្នុងរយៈចម្ងាយប្រមាណ៤០០គីឡូម៉ែត្រពីតំបន់ដែនអាកាសរបស់សហរដ្ឋអាមេរិកនៃរដ្ឋ Alaska នារាត្រីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧កន្លងទៅថ្មីៗ ហើយត្រូវបានសហរដ្ឋអាមេរិកបញ្ជូនយន្តហោះចម្បាំងធុន F-22 Raptor មករារាំងភ្លាមៗ ជាហេតុធ្វើឲ្យយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ីធុន Tu-95 បង្ខំហោះហើរត្រឡប់ចាកចេញវិញក្នុងរយៈពេលប្រមាណ១២នាទី ក្រោយលេចចេញវត្តមានយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅពេលដែលយន្តហោះចម្បាំងដ៏ទំនើបធុន F-22 Raptor របស់សហរដ្ឋអាមេរិកចំនួន២គ្រឿងចេញទៅរារាំងយន្តហោះទម្លាក់គ្រាប់បែកខ្នាតធំធុន Tu-95 របស់រុស្ស៊ីជាបន្ទាន់ភ្លាមៗនោះ គឺកងកម្លាំងទាហានជើងអាកាសអាមេរិក និងរុស្ស៊ីមិនបានធ្វើការទំនាក់ទំនងគ្នាជាមុនតាមសញ្ញាទាក់ទងណាមួយឡើយ ។
យោងតាមការផ្សព្វផ្សាយរបស់គេហទំព័រ Nationalinterest បានឲ្យដឹងថា រុស្ស៊ីកំពុងសម្តែងនូវការព្រួយបារម្ភចំពោះប្រព័ន្ធខែលការពារមីស៊ីលធុន S-300 និង S-400 របស់ខ្លួនដែលមិនអាចទប់ទល់បានទៅនឹងមីស៊ីលវាយលុករបស់សហរដ្ឋអាមេរិកដែលបាញ់ក្នុងលំហអាកាសដោយយន្តហោះចម្បាំងធុន F-22 Raptor ។ ដូច្នេះ ទើបរុស្ស៊ីកំពុងអភិវឌ្ឍន៍ប្រព័ន្ធខែលការពារមីស៊ីលប្រភេទថ្មីរបស់ខ្លួនធុន S-500 ដើម្បីត្រៀមទប់ទល់ទៅនឹងមីស៊ីលវាយប្រហារលើលំហអាកាសដោយយន្តហោះចម្បាំងធុន F-22 Raptor របស់សហរដ្ឋអាមេរិកនៅពេលខាងមុខ ពោលគឺរុស្ស៊ីមិនទាន់មានទំនុកចិត្តទៅលើប្រព័ន្ធខែលការពារមីស៊ីលរបស់ខ្លួនទប់ទល់ទៅនឹងមីស៊ីលវាយលុកលើលំហអាកាសដោយយន្តហោះចម្បាំងធុន F-22 Raptor របស់សហរដ្ឋអាមេរិកនៅឡើយទេ ៕