គេហទំព័រសារព័ត៌មាន BBC ផ្សព្វផ្សាយកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧កន្លងទៅថ្មីៗ ដែលដកស្រង់ពីសារព័ត៌មាន Associated Press បានឲ្យដឹងថា តុលាការសហរដ្ឋអាមេរិកបានសម្រេចដោះលែងឲ្យស្ត្រីម្នាក់ដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មសម្លាប់អតីតសង្សារដ៏សាហាវព្រៃផ្សៃនាខែឧសភា ឆ្នាំ២០១៦កន្លងមកដោយដុតបំផ្លាញសាកសពនោះ បានឋិតនៅក្រៅការឃុំខ្លួនតាមរយៈដាក់ប្រាក់តម្កល់ធានារហូតដល់៣៥លានដុល្លារអាមេរិក ជាហេតុធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតសម្តែងនូវការស្រងាកចិត្តយ៉ាងខ្លាំង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មសម្លាប់អតីតមិត្តប្រុសដែលធ្លាប់រស់នៅជាមួយគ្នារហូតមានកូនស្រីចំនួន២នាក់នោះ មានឈ្មោះ Tiffany Li អាយុ៣១ឆ្នាំ ជាកូនចៅជំនាន់ក្រោយនៃគ្រួសារត្រកូលជនជាតិចិនរកស៊ីខាងជំនួញអចលនទ្រព្យ ។ នាងត្រូវបានចាប់ខ្លួនជាមួយមិត្តប្រុសថ្មីរបស់នាង និងមិត្តភក្តិម្នាក់ទៀតកាលពីខែឧសភា ឆ្នាំ២០១៦កន្លងទៅ ដោយជាប់ពាក់ព័ន្ធនឹងការរៀបចំផែនការសម្លាប់អតីតមិត្តប្រុសដ៏ព្រៃផ្សៃ តែត្រូវបានតុលាការដោះលែងវិញជាថ្នូរនឹងការចំណាយលុយធានានៅក្រៅឃុំរហូតដល់ចំនួន៣៥លានដុល្លារអាមេរិក ។
នាង Tiffany Li នឹងត្រូវបានបន្តឲ្យឋិតនៅក្រៅឃុំនៅពេលនាងដាក់ប្រាក់សុទ្ធចំនួន៤លានដុល្លារអាមេរិក និងមុខរបរជំនួញអចលនទ្រព្យដែលមានតម្លៃ៦១លានដុល្លារអាមេរិកទៀត គឺសរុបរហូតដល់មានទំហំទឹកប្រាក់ប្រមាណ៦៥លានដុល្លារអាមេរិក ។
នាង Tiffany Li ធ្លាប់បានរួមរស់ជាមួយមិត្តប្រុសរបស់នាងឈ្មោះ Keith Green រហូតដល់មានកូនស្រីចំនួន២នាក់ ។ អ្នកទាំងពីរបានជួបគ្នាចុងក្រោយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅភោជនីយដ្ឋានមួយឋិតនៅភាគខាងត្បូង San Francisco ។ បន្ទាប់ពីជំនួបនោះ លោក Keith Green មិនឃើញត្រឡប់មកលំនៅឋានវិញទេ និងលុះដល់២សប្តាហ៍ក្រោយមក ទើបដឹងថា លោកបានស្លាប់បាត់បង់ជីវិតទៅហើយ ។ ១សប្តាហ៍ក្រោយមកទៀត សមត្ថកិច្ចក៏បានចាប់ខ្លួននាង Tiffany Li និងមិត្តប្រុសថ្មីរបស់នាងឈ្មោះ Kaveh Bayat ព្រមទាំងបុរសម្នាក់ទៀតឈ្មោះ Olivier Adella ក្នុងសំណុំរឿងជាប់ពាក់ព័ន្ធនឹងការរៀបចំផែនការសម្លាប់អតីតមិត្តប្រុសរបស់ខ្លួន ៕