នៅទីបំផុត ក្រោយការប្រព្រឹត្តល្មើសវិន័យនគរបាលធ្ងន់ធ្ងរ និងប្រើប្រាស់អាវុធបាញ់បោះខុសច្បាប់ (បាញ់ប្រហារទៅលើលោកវរសេនីយ៍ត្រី សេម មករា ជានាយផ្នែករដ្ឋបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ម្សិលមិញ) រួចមក លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ អត្តលេខ៥៤៥៤៥ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាយកដ្ឋានច្រកទ្វារទី១នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានក្រសួងមហាផ្ទៃអនុវត្តវិន័យហើយ ដោយរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញផុតពីក្របខ័ណ្ឌមន្ត្រីនគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ ។
ប្រកាសលេខ៩៧៦ប្រក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧របស់ក្រសួងមហាផ្ទៃ ស្តីពីការបណ្តេញចេញផុតពីក្របខ័ណ្ឌនគរបាលជាតិចំពោះវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា ប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមេសា ឆ្នាំ២០១៧តទៅ ។
ពាក់ព័ន្ធនឹងអំពើបាញ់ប្រហាររបស់លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ទៅលោកវរសេនីយ៍ត្រី សេម មករា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ម្សិលមិញ បានធ្វើឲ្យមជ្ឈដ្ឋានមន្ត្រីរាជការ និងប្រជាពលរដ្ឋភាគច្រើន សម្តែងនូវការសោកស្តាយដោយជាបទល្មើសជាក់ស្តែង ប៉ុន្តែបែរជាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតអនុញ្ញាតឲ្យជនដៃដល់ទៅសម្រាកនៅលំនៅឋានយ៉ាងរំភើយ មិនព្រមចាត់នីតិវិធីចាប់ឃាត់ខ្លួនភ្លាមៗអនុវត្តតាមវិធានការច្បាប់ ដូចទុកឱកាសឲ្យជនដៃដល់បានរត់គេចខ្លួនទើបម្នីម្នាស្វែងតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅវិញ (Sic!) ។
ទោះយ៉ាងណាក៏ដោយ មជ្ឈដ្ឋានប្រជាពលរដ្ឋ និងមន្ត្រីរាជការភាគច្រើនលើសលប់បានសម្តែងនូវការគាំទ្រចំពោះចំណាត់ការក្តៅគគុកទៅលើប៉ូលិសទំនើង ឈាន ពិសិដ្ឋ ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងលុបឈ្មោះ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ព្រមទាំងបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕