ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ឈុតខ្មែរបាញ់ប្រហារខ្មែរ ! នាយរងប៉ុស្ដិ៍ប៉ូលិសច្រកទ្វារប៉ោយប៉ែតម្នាក់ដែលធ្លាប់ក្រសួងមហាផ្ទៃ«ការពារ»ក្នុងរឿង«ពុតដួលសន្លប់»បាញ់ប៉ូលិសរួមអង្គភាព រួចដេកផ្ទះយ៉ាងរំភើយ

កាលពីវេលាម៉ោង០៨ និង៤៥នាទីព្រឹកនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ នាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជាប់ព្រំដែនថៃ) ម្នាក់ គឺលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ដែលប្រិយមិត្តអ្នកលេងបណ្ដាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមជាច្រើនធ្លាប់បានស្គាល់ក្នុងរឿងជម្លោះគ្រោះថ្នាក់ចរាចរណ៍ជាមួយលោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅតាមរូបភាពល្បីថា «ធ្វើពុតដួលសន្លប់» និងត្រូវបានការពារយ៉ាងមុតមាំដោយក្រសួងមហាផ្ទៃនោះ បានបាញ់ប្រហារចំនួន១គ្រាប់ទៅលើប៉ូលិសរួមការងារក្នុងអង្គភាពជាមួយគ្នាព្រោះតែកំហឹងខឹងសម្បា រួចហើយទៅដេកនៅផ្ទះយ៉ាងរំភើយ ដូចគ្មានរឿងអ្វីកើតឡើងសោះ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា មន្ដ្រីប៉ូលិសដែលរងគ្រោះក្នុងឈុតឆាក «ខ្មែរបាញ់ប្រហារខ្មែរ» ក្រោមកំហឹងរបស់លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ជានាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដ៏មានឥទ្ធិពលនោះ គឺលោកវរសេនីយ៍ត្រី សេម មករា ជានាយផ្នែករដ្ឋបាល ដោយរងរបួសស្រាលនៅស្មាខាងឆ្វេង និងស័ក្ដិបានដាច់ធ្លាក់ពីលើស្មាមកលើកម្រាលឥដ្ឋ ។

របាយការណ៍របស់ប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺលោកអនុសេនីយ៍ទោ នៅ លីដា ជាមន្ដ្រីផ្នែករដ្ឋបាលបានប៉ះពាក្យសម្ដីគ្នាជាមួយលោកអនុសេនីយ៍ឯក កឹម កែវរក្សា ជាមន្ដ្រីប្រថាប់ត្រាតាំងពីថ្ងៃទី០៧ ខែមេសា រហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧មកម៉្លេះ (តាមសាច់រឿងបឋម គឺលោក កឹម កែវរក្សា បានប្រើពាក្យសម្ដីប្រមាថច្រើនដងទៅលើលោក នៅ លីដា មុន) ។ លុះដល់ថ្ងៃកើតហេតុ គឺបន្ទាប់ពីទទួលបានព័ត៌មានមិនល្អនោះ លោកវរសេនីយ៍ត្រី សេម មករា ជានាយផ្នែករដ្ឋបាលក៏បានបញ្ជាឲ្យលោកអនុសេនីយ៍ឯក កឹម កែវរក្សា និងលោកអនុសេនីយ៍ទោ នៅ លីដា មកអង្គភាពដើម្បីសួរនាំ និងសម្របសម្រួលគ្នាក្នុងរង្វង់ការងារឡើងវិញ ។ ក្រោយមក លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បានបើករថយន្ដរួមជាមួយលោកអនុសេនីយ៍ឯក កឹម កែវរក្សា ចូលក្នុងអង្គភាព និងដើរសំដៅទៅបន្ទប់រដ្ឋបាល រួចក៏ដកកាំភ្លើងអាមេបញ្ចូលគ្រាប់ភ្ជង់ និងជេរប្រមាថទៅលើលោកវរសេនីយ៍ត្រី សេម មករា តែម្ដង ។ នាពេលនោះ លោកវរសេនីយ៍ត្រី សេម មករា មិនធ្វើការតបតអ្វីឡើយ រួចក៏ចូលទៅបន្ទប់លោកនាយប៉ុស្ដិ៍ដើម្បីរាយការណ៍អំពីរឿងហេតុ ។  ពេលរាយការណ៍ចប់ លោកវរសេនីយ៍ត្រី សេម មករា បានត្រឡប់មកបន្ទប់រដ្ឋបាលវិញនាម៉ោង០៨ និង៤៥នាទីព្រឹក ស្រាប់តែត្រូវលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បាញ់ពីក្រោយខ្នងចំនួន១គ្រាប់ បណ្ដាលឲ្យរងរបួសស្លាកស្នាមនៅត្រង់ស្មាខាងឆ្វេង និងដាច់ស័ក្ដិធ្លាក់ពីស្មាដល់កម្រាលឥដ្ឋ ។

ក្រោយពេលកើតហេតុភ្លាមៗ គឺអាវុធ១ដើម ម៉ាកប៉េអាកុល លេខ 4-7997 បង់ចំនួន១ មាន០៧គ្រាប់ សម្បកគ្រាប់១ និងក្បាលគ្រាប់១ដែលបាញ់រួច ត្រូវបានអង្គភាពដកហូតពីលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ និងស័ក្ដិ ព្រមទាំងស្លាកស្នាមរបួសលើស្មាខាងឆ្វេងរបស់លោកវរសេនីយ៍ត្រី សេម មករា ត្រូវបានរក្សាទុកជាវត្ថុតាង ខណៈជនដៃដល់ គឺលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ មិនត្រូវបានចាប់ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្ដែងអ្វីទេ ។

មជ្ឈដ្ឋានមន្ដ្រីរាជការ និងប្រជាពលរដ្ឋជាច្រើនបានធ្វើការវាយតម្លៃថា អំពើបាញ់បោះរបស់លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ក្នុងនាមជានាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទាំងមូល ទៅលើមន្ដ្រីប៉ូលិសដូចគ្នា និងបម្រើការងារក្នុងអង្គភាពជាមួយគ្នាបែបនេះ មិនត្រឹមប្រមាថតែទៅលើអាយុជីវិតលោកវរសេនីយ៍ត្រី សេម មករា ជាជនរងគ្រោះប៉ុណ្ណោះទេ គឺបានប្រមាថទៅលើក្រសួងមហាផ្ទៃថែមទៀត (បាញ់ចំស័ក្ដិរបស់លោកវរសេនីយ៍ត្រី សេម មករា ដែលក្រសួងមហាផ្ទៃប្រគល់ឲ្យរហូតដល់ដាច់ធ្លាក់ពីលើស្មា ) និងមិនស័ក្ដិសមជាមន្ដ្រីនគរបាលជាតិបន្តិចណាឡើយ ទោះបីមានទំនាក់ទំនងជាមួយអ្នកមានអំណាចកាងធ្វើជាខ្នងបង្អែកក៏ដោយ ។

ផ្ទុយទៅវិញ ក្រុមអ្នករិះគន់មាត់ដាចមួយចំនួនបានលើកឡើងថា អំពើរបៀបលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ អ៊ីចឹង គឺហាក់ដូចជាពេញនិយមសម្រាប់សង្គមបច្ចុប្បន្ន ព្រោះមានអ្នកធំខ្លះត្រូវការ ហើយចរិតដូចប៉ូលិស ឈាន ពិសិដ្ឋ អាចថ្ងៃក្រោយត្រូវបានដំឡើងឋានន្តរស័ក្ដិ និងតែងតាំងឲ្យកាន់តំណែងជានាយប៉ុស្ដិ៍នគរបាលច្រកទ្វារកន្លែងណាមួយយ៉ាងហ៊ឺហាក៏ថាបាន (Sic !) ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.