ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​ឯកឧត្តម កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តែ​មិន​ទទួលស្គាល់​អនុប្រធាន​ចំនួន​៣​នាក់​ផ្សេងទៀត 

​បន្ទាប់ពី​ទទួលបាន​លិខិត​លេខ​៤២៥/១៧​គ​.​ស​.​ជ និង​លិខិត​លេខ​៤២៦/១៧​គ​.​ស​.​ជ ចុះ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៧​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្តីពី​ការជូនដំណឹង​អំពី​សមាសភាព​ប្រធាន អនុប្រធាន និង​ការដក​នូវ​ចំណងជើង​ពាក្យស្លោក «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ពី​គោលនយោបាយ​អាទិភាព​៥​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រួចមក ក្រសួងមហាផ្ទៃ​បានចេញ​លិខិតផ្លូវការ​លេខ​៥៨៦​សជណ ចុះ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៧​ជម្រាប​មក​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដឹងថា ក្រសួង​ទទួលស្គាល់​ឯកឧត្តម កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។​

​លិខិត​លេខ​៥៨៦​សជណ ចុះ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៧​របស់​ក្រសួងមហាផ្ទៃ​ក៏បាន​បញ្ជាក់ជូន​ដែរ​ថា ដោយឡែក​ចំពោះ​ការជ្រើសតាំង​ឯកឧត្តម ប៉ុល ហំ​ម លោកជំទាវ មួរ សុខ​ហួរ និង​ឯកឧត្តម អេង ឆៃអ៊ាង ជា​អនុប្រធាន​គណបក្ស កាលពី​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៧​ដោយ​គណៈកម្មាធិការ​នា​យក នៅតែ​មិនទាន់​ស្របតាម​ប្រការ​៤៧​ថ្មី នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ការជ្រើសតាំង​នេះ ហួស​រយៈពេល​៣០​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​លោក សម រង្ស៊ី បាន​លាលែង​ពី​ប្រធាន​គណបក្ស ។ 

​គួរ​រំលឹក​ជូន​ដែរ​ថា ក្រោយពី​ក្រសួងមហាផ្ទៃ​ប្រកាសថា សមាជ​វិសាមញ្ញ​កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៧ លើ​ការជ្រើសតាំង​ឯកឧត្តម កឹម សុខា ជា​ប្រធាន​ថ្មី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធាន​ថ្មី​ចំនួន​៣​នាក់ បំពាន​ទៅនឹង​ប្រការ​៤៧​នៃ​លក្ខន្តិកៈ​គណបក្ស ព្រមទាំង​តម្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ការដកចេញ​នូវ​ចំណងជើង​ពាក្យស្លោក «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ចេញពី​គោលនយោបាយ​អាទិភាព​៥​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤​ឆ្នាំ​២០១៧ រួចមក គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​គ​ណ​បក្ស​កាលពី​រសៀល​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៧ ដោយបាន​សម្រេច​រក្សា​សមាសភាព​ប្រធាន និង​អនុប្រធាន​គណបក្ស​ចំនួន​៣​នាក់​ដដែល ប៉ុន្តែ​បានសម្រេច​ដក​ចំណងជើង​ពាក្យស្លោក «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ចេញពី​គោលនយោបាយ​អាទិភាព​៥​ចំណុច​របស់​គណបក្ស​វិញ ។ 

​ការប្រកាស​ទទួលស្គាល់​ឯកឧត្តម កឹម សុខា អតីត​ប្រធាន​ស្តីទី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៧​នេះ គឺ​ស្របពេល​គ្នា​ដែល​ឯកឧត្តម កឹម សុខា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​បំពេញ​បេសកម្ម​នៅ​បរទេស​កាលពី​វេលា​ព្រឹក​នា​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៧​បាត់ទៅហើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.