ក្រោយការបង្កើតរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី១នៃរដ្ឋសភានាសម័យព្រះរាជាណាចក្រកម្ពុជាទី២មកភ្លាម មានសប្បុរសជនសម្បូរទ្រព្យធនជាច្រើននាក់ទទួលបានការតែងតាំងងារជា «ឧកញ៉ា» តាមរយៈការធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈដែលមានតម្លៃលើសពី១០ម៉ឺនដុល្លារអាមេរិក ដោយអនុលោមតាមស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៥ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ ។ ប៉ុន្តែ ឈានមកដល់សម័យរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភានេះ សប្បុរសជនដែលធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈដែលមានតម្លៃលើសពី១០ម៉ឺនដុល្លារឡើងទៅត្រឹមទទួលបានមេដាយស្ថាបនាជាតិថ្នាក់លេខ១ប៉ុណ្ណោះ ហើយបើចង់បានងារជា «ឧកញ៉ា» លុះត្រាតែចំណាយប្រាក់ ឬសម្ភារៈមានតម្លៃលើសពី៥០ម៉ឺនដុល្លារឡើងទៅ ដោយអនុលោមតាមស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៤៣អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ។
គិតរហូតមកទល់បច្ចុប្បន្ន មានមន្ត្រីរាជការ (ទាំងស៊ីវិល ទាំងប្រដាប់អាវុធ) មានអ្នកជំនួញ…ជិត១ ០០០នាក់ហើយ ដែលទទួលបានការតែងតាំងជាអ្នកឧកញ៉ា និងឧកញ៉ា ដែលក្នុងនោះ ក៏មានសមាជិករាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាផងដែរ ដូចមានរាយឈ្មោះខាងក្រោម ៖
១-សម្តេចក្រឡាហោម ឧកញ៉ា ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (តែងតាំងឆ្នាំ១៩៩៦) ។
២-ឯកឧត្តមបណ្ឌិត នាយឧត្តមសេនីយ៍ ឧកញ៉ា ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស(តែងតាំងឆ្នាំ១៩៩៦)។
៣-ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស (តែងតាំងឆ្នាំ១៩៩៦) ។
៤-ឯកឧត្តមបណ្ឌិត ឧកញ៉ា ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម (តែងតាំងឆ្នាំ២០០២) ។
៥-ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (តែងតាំងឆ្នាំ១៩៩៨) ។
៦-ឯកឧត្តម នាយឧត្តមសេនីយ៍ ឧកញ៉ា ឌុល គឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ (តែងតាំងឆ្នាំ២០០២) ។
៧-ឯកឧត្តម នាយឧត្តមសេនីយ៍ ឧកញ៉ា ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ (តែងតាំងឆ្នាំ១៩៩៦) ។
៨-ឯកឧត្តម ឧកញ៉ា អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល (តែងតាំងឆ្នាំ១៩៩៧) ។
៩-ឯកឧត្តម ឧកញ៉ា ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (តែងតាំងឆ្នាំ១៩៩៨) ។
១០-ឯកឧត្តម ឧកញ៉ា មុត ខៀវ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (តែងតាំងឆ្នាំ២០០២) ។
១១-ឯកឧត្តម នាយឧត្តមសេនីយ៍ ឧកញ៉ា នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ (តែងតាំងឆ្នាំ២០០៣) ។
១២-ឯកឧត្តម ឧកញ៉ា នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ (តែងតាំងឆ្នាំ២០០៩) ។
១៣-ឯកឧត្តម ឧកញ៉ា សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល (តែងតាំងឆ្នាំ២០១០) ៕