អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញដ៏មានឥទ្ធិពល និងមានទ្រព្យសម្បត្តិមហាសាលដែលជាប់ឈ្មោះជាទណ្ឌិត និងទើបអនុវត្តទោសនៅក្នុងពន្ធនាគាររួចរាល់កាលពីខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ ក្នុងសំណុំរឿងអាស្រូវពុករលួយដ៏កក្រើកក្រោមចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយនោះ គឺលោក អាំង មាលតី ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌនៃអង្គចៅក្រមជាស្ថាពរហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/១៦០ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ។
លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញដ៏ហ៊ឺហាត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ននាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ និងត្រូវបានចៅក្រមជំនុំជម្រះសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៣ឆ្នាំ(អនុវត្តទោសក្នុងពន្ធនាគារចំនួន២ឆ្នាំ និងទោសព្យួរចំនួន១ឆ្នាំ) ពីបទការកេងយកផលប្រយោជន៍ដោយខុសច្បាប់ តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ១៤ «គ» ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ របស់សាលាដំបូងខេត្តកណ្តាល ហើយសាលក្រមនេះក៏បានចូលជាស្ថាពរ (ពិរុទ្ធជនមិនប្តឹងឧទ្ធរណ៍) ទើបពិរុទ្ធជនឈ្មោះ អាំង មាលតី ក៏បានក្លាយជាទណ្ឌិត ។
ដោយទទួលបានការបន្ថយរយៈពេលទទួលរងទោសចំនួន០៦ខែ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៦ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៦/១០១៨ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នោះ ទើបទណ្ឌិតឈ្មោះ អាំង មាលតី ត្រូវបានអនុវត្តទោសក្នុងពន្ធនាគាររួចរាល់កាលពីខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅថ្មីៗ ។
លោក អាំង មាលតី អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប បានចូលបម្រើការងាររដ្ឋនៅអំឡុងឆ្នាំ១៩៨៣ និងធ្លាប់ត្រូវបានតែងតាំងជាអនុប្រធានសាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ នាដើមឆ្នាំ២០០២ ហើយក៏ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តសៀមរាប នាចុងឆ្នាំ២០០៥ ។ ក្រោយមក លោកចៅក្រមរូបនេះត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យនាចុងឆ្នាំ២០០៧ ។ តមកទៀត លោកចៅក្រមរូបនេះត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារជាប្រធានសាលាដំបូងរាជធានីភ្នំពេញនាខែមេសា ឆ្នាំ២០១៤(កាន់តំណែងជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យអស់រយៈពេលជិត៧ឆ្នាំ) ។ នៅទីបំផុត លោកចៅក្រមរូបនេះបានជួបរឿងអកុសល ហើយក៏ត្រូវបានដកហូតមុខតំណែងពីប្រធានសាលាដំបូងរាជធានីភ្នំពេញ ឲ្យមកឈរជើងនៅក្រសួងយុត្តិធម៌នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោមទម្ងន់កណ្តាប់ដៃដែករបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (កាន់តំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញបានមិនដល់រយៈពេល១ឆ្នាំទេ) និងក៏មានរឿងអាស្រូវជាច្រើនធ្លាក់ក្នុងសមត្ថកិច្ចស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ តាំងពីពេលនោះមក ។
លោក អាំង មាលតី មានកូនប្រុសបង្កើតចំនួន២នាក់ បានធ្វើជាចៅក្រម កំពុងបម្រើការងារនៅតាមបណ្តាសាលាជម្រះក្តី ជាអាទិ៍ ៖
១-លោក អាំង ចិន្តា អនុចៅក្រមថ្នាក់លេខ២ ជាសិស្សចៅក្រមជំនាន់ទី៣ សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌនៃអង្គចៅក្រម បម្រើការងារជាចៅក្រមសាលាដំបូងខេត្តព្រៃវែង ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១០/៨៣៣ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០ ។ បច្ចុប្បន្ន លោកចៅក្រម អាំង ចិន្តា ត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារ ជាចៅក្រមសាលាដំបូងខេត្តកោះកុង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧៣៣ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ។
២-លោក អាំង សុភា អនុចៅក្រមថ្នាក់លេខ២ ជាសិស្សចៅក្រមជំនាន់ទី៤ សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌនៃអង្គចៅក្រម បម្រើការងារជាចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១២/៥៩១ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ។ បច្ចុប្បន្ន លោកចៅក្រម អាំង សុភា ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកំពង ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/២៤៦ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។
លើសពីនេះ លោក អាំង មាលតី នៅមានកូនប្រុសម្នាក់ទៀតឋិតក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឈ្មោះ អាំង មុនី កាន់តួនាទីជាអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា រាជធានីភ្នំពេញ ៕