ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

​រាជរដ្ឋាភិបាល​ទម្លាក់​លុយ​ជិត​៣០​ម៉ឺន​ដុល្លារ​ឲ្យ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ដែលមាន​សម្តេច​សង្ឃ ទេព វង្ស ជា​ឧ​ត្ត​ម​ទីប្រឹក្សា រៀបចំ​ធ្វើ​វចនានុក្រម​ជាតិ​ភាសា​ខ្មែរ 

​កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ផង និង​ជា​គរុ​គណ​នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ផង បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​១ ១០០​លាន​រៀល ពី​ជំពូក​៦៩ (​ចំណាយ​មិនបាន​គ្រោងទុក​) នៃ​ខ្ទង់ចំណាយ​មិនទាន់​បែងចែក​មក​ជំពូក​៦៥ (​ឧបត្ថម្ភកធន​) ជូន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​សម្រាប់​ចំណាយ​រៀបចំ​ធ្វើ​វចនានុក្រម​ជាតិ​ភាសា​ខ្មែរ និង​គោលនយោបាយ​ជាតិ​នៃ​ភាសា និង​អក្សរ​ខ្មែរ​នៅក្នុង​ឆ្នាំ​២០១៧​នេះ ។​

​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ សរសេរ​កាត់​ថា «​ក​.​ជ​.​ភ​.​ខ​» ដែលជា​យន្តការ​ជាតិ​ឋិត​នៅក្រោម​ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១១/៦០០ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១១ ក្រោម​ការ​អះអាងថា ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​ការប្រើ​ភាសា និង​អក្សរ​ខ្មែរ​ប្រកបដោយ​និរន្តរភាព ព្រមទាំង​រក្សាបាន​នូវ​អត្តសញ្ញាណ​ជាតិខ្មែរ ។ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នេះ មាន​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ព្រុំ ម៉​ល់ ទីប្រឹក្សា​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ផ្នែក​ភាសាវិទ្យា​នៅ​រាជបណ្ឌិត្យសភាកម្ពុជា ជា​ប្រធាន និង​មាន​អនុប្រធាន​ចំនួន​៧​នាក់ ព្រមទាំង​មាន​សមាជិក សមាជិកា ជាច្រើន​នាក់​-​អង្គ​ទៀត ។​

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ពាក់ព័ន្ធ​នឹង​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ដែរនោះ គឺ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ល្បីល្បាញ​ខាង​សរសេរ​អក្សរ​ខ្មែរ​ខុស​អក្ខរាវិរុទ្ធ​ដ៏​ច្រើន​គ​គោក ក៏ត្រូវ​បានតែងតាំង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បន្ថែម​លើ​មុខតំណែង​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៥/៩២៧ ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៥ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.