ក្រោយការប្រកាសលាលែងរបស់លោក សម រង្ស៊ី ពីប្រធានគណបក្សសង្គ្រោះជាតិរយៈពេលតែ០១ថ្ងៃ គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិបានបើកកិច្ចប្រជុំសម្រេចប្រគល់សិទ្ធិជូនឯកឧត្តម កឹម សុខា អនុប្រធានគណបក្សជាប្រធានស្តីទីគណបក្សដើម្បីដឹកនាំគណបក្សទាំងមូល និងបន្ទាប់មកទៀត នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧គណបក្សសង្គ្រោះជាតិក៏បានប្រារព្ធសមាជវិសាមញ្ញរបស់ខ្លួនមួយដោយសម្រេចធ្វើវិសោធនកម្មប្រការ៤៥ និងប្រការ៤៧ នៃលក្ខន្តិកៈគណបក្ស និងសម្រេចជ្រើសតាំងឯកឧត្តម កឹម សុខា ជាប្រធានគណបក្ស ព្រមទាំងមានអនុប្រធានគណបក្សចំនួន៣នាក់ ។ មិនតែប៉ុណ្ណោះ អង្គសមាជវិសាមញ្ញក៏បានសម្រេចគាំទ្រគោលនយោបាយអាទិភាព៥ចំណុចរបស់គណបក្សក្រោមពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ទៀតផង ។
បន្ទាប់ពីគណបក្សសង្គ្រោះជាតិដាក់ចេញនូវពាក្យស្លោកដ៏គួរឲ្យចាប់អារម្មណ៍ និងទាក់ទាញថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» រួចមក បានបង្កឲ្យគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជា «ឆេះដុំ» មិនស្ទើរឡើយ ហើយក៏ទាមទារឲ្យមានការផ្លាស់ប្តូរចេញថែមទៀត ។
បន្តមកទៀត ក្រោមរូបភាពអះអាងថា «តាមដានមើលគណបក្សនយោបាយណាអនុវត្តតាមលក្ខន្តិកៈ ឬមិនអនុវត្តតាមលក្ខន្តិកៈរបស់ខ្លួន» នោះ ស្រាប់តែក្រសួងមហាផ្ទៃលើកយកស្មារតីសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិនាថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ មកពិនិត្យយ៉ាងសកម្ម រួចក៏បានវាយតម្លៃថា ការសម្រេចជ្រើសតាំងឯកឧត្តម កឹម សុខា ជាប្រធានថ្មីនៃគណបក្ស និងអនុប្រធានថ្មីចំនួន៣នាក់នៃគណបក្ស រួមមាន ឯកឧត្តម ប៉ុល ហំម លោកជំទាវ មួរ សុខហួរ និងឯកឧត្តម អេង ឆៃអ៊ាង គឺជាការបំពានទៅនឹងប្រការ៤៧នៃលក្ខន្តិកៈជាច្បាប់កំពូលរបស់គណបក្សដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ សម្រាប់ចុះបញ្ជីគណបក្សនយោបាយ ។
អនុលោមតាមទិដ្ឋភាពជាក់ស្តែងបែបនេះ ធ្វើឲ្យមជ្ឈដ្ឋានអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជាចោទជាសំណួរថា តើគណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា និងមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥រហូតដល់៥៥អាសនៈ មិនមើល ឬបំពានលក្ខន្តិកៈរបស់ខ្លួនពិតប្រាកដមែន ឬក៏ក្រសួងមហាផ្ទៃមានចេតនាតាមរុកកួនដំណើរការប្រព្រឹត្តទៅរបស់គណបក្សសង្គ្រោះជាតិ ?
លើសពីនេះ មានសំណួរមួយទៀតថា ដើម្បីកុំឲ្យមានភាពប្រទាំងប្រទើសជាមួយនឹងការយល់ឃើញរបស់ក្រសួងមហាផ្ទៃនោះ តើគណបក្សសង្គ្រោះជាតិនឹងត្រូវគិតគូរយ៉ាងណាទៀត ឬក៏តម្រូវឲ្យមានប្រធានស្តីទីគណបក្សវិញដើម្បីដឹកនាំគណបក្សចូលរួមប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតជាហូរហែនាពេលខាងមុខ ? ៕