ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ មករា ឆ្នាំ ២០២១

​កូរ៉េខាងជើង​អាច​អត់​ប្រេង​ប្រើប្រាស់ ? អាមេរិក​គ្រោង​ដាក់​បម្រាម​លើ​ការនាំចេញ​ប្រេង​ទៅកាន់​កូរ៉េខាងជើង​ក្នុង​រឿង​តេស្ត​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ 

​ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​រួម​ទាំង​កូរ៉េខាងត្បូង​ផង​កំពុង​ពិចារណា​លើ​ការដាក់​បម្រាម​នៃ​ការនាំចេញ​ប្រេង​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ដែល​ចាត់ទុកថា ជា​វិធានការ​ថ្មី​មួយទៀត​សម្រាប់​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​ពាក់ព័ន្ធ​នឹង​កម្មវិធី​តេស្ត​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​លើក​ទី​៦ របស់ខ្លួន​នាពេលខាងមុខ​ឆាប់ៗ​ដែលមាន​កម្លាំង​ខ្លាំងក្លា​ជាង​មុន​រហូតដល់​ទៅ​១៤​ដង​ឯណោះ ។​

​គម្រោង​ដាក់​បម្រាម​លើ​ការនាំចេញ​ប្រេង​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ដោយ​សហរដ្ឋអាមេរិក និង​ប្រទេស​កូរ៉េខាងត្បូង​នោះ គឺ​នឹង​អនុវត្ត​តាមរយៈ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក្នុងករណី​ដែល​ប្រទេស​កូរ៉េខាងជើង​នៅតែ​បន្ត​ចចេស​រឹងរូស​បំផ្ទុះ​តេស្ត​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​លើក​ទី​៦​ដ៏​ខ្លាំងក្លា​របស់ខ្លួន ។​

​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​អន្តរ​ជាតិ​បាន​លើកឡើងថា គម្រោង​ការដាក់​បម្រាម​លើ​ការនាំចេញ​ប្រេង​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ក្នុង​រឿង​តេស្ត​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​កូរ៉េខាងជើង​ដ៏​គឃ្លើន​នោះ ទទួលបាន​ជោគជ័យ​លុះត្រាតែ​មានការ​ចូលរួម​ពី​ប្រទេស​ចិន ពីព្រោះ​ការនាំ​ចូល​ប្រេង​របស់​ប្រទេស​កូរ៉េខាងជើង​ពឹងផ្អែក​លើ​ប្រទេស​ចិន​ទាំងស្រុង (​ការនាំ​ចូល​សរុប​រប​ស់​ប្រទេស​កូរ៉េខាងជើង​ពឹង​ផ្អែកលើ​ប្រទេស​ចិន​រហូតដល់​៩០​ភាគរយ​) ខណៈ​គេហទំព័រ​សារព័ត៌មាន Reuters ធ្លាប់បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ការ​នាំចូល​ប្រេង​របស់​កូរ៉េខាងជើង​ពី​ប្រទេស​ចិន​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​មាន​ទំហំ​ប្រមាណ​៥០០​លាន​ដុល្លារ​អាមេរិក ។​

​តាមរយៈ​ទណ្ឌកម្ម​ថ្មី​របស់​អង្គការ​សហ​ប្រជា​តិ​ទៅលើ​ប្រទេស​កូរ៉េខាងជើង​ពាក់ព័ន្ធ​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នោះ កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ រដ្ឋាភិបាល​ចិន​បានប្រកាស​បញ្ឈប់​ការ​នាំចូល​ធ្យូងថ្ម​ជា​បណ្តោះអាសន្ន​ពី​ប្រទេស​កូរ៉េខាងជើង​រហូតដល់​ដំណាច់ឆ្នាំ​២០១៧ ខណៈ​ការនាំចេញ​ធ្យូងថ្ម​របស់​ប្រទេស​កូរ៉េខាងជើង​ទៅកាន់​ប្រទេស​ចិន​នា​ឆ្នាំ​២០១៦​កន្លងទៅ​មាន​ចំនួន​ជាង​២៥​លាន​តោន ។​

​ជាក់ស្តែង​ណាស់ ទីផ្សារ​នាំចេញ​-​នាំចូល​របស់​ប្រទេស​កូរ៉េខាងជើង គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ប្រទេស​ចិន​រហូតដល់​ប្រមាណ​៩០​ភាគរយ ។ ដ​ច្នេះ ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ក្តី សហរដ្ឋអាមេរិក​ក្តី​ទៅលើ​ប្រទេស​កូរ៉េខាងជើង​ក្នុង​រឿង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​អាចមាន​ប្រសិទ្ធភាព​បាន​លុះត្រា​មានការ​ចូលរួម និង​ការសម្រេចចិត្ត​កម្រិត​ខ្ពស់​ពី​សំណាក់​មហាអំណាច​ចិន ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.