គេហទំព័រសារព័ត៌មាន Sputniknews របស់រុស្ស៊ី ដែលដកស្រង់សម្តីលោកឧត្តមសេនីយ៍ Viktor Poznikhir អនុប្រធានទី១នៃអគ្គសេនាធិការដ្ឋានទទួលបន្ទុកប្រតិបត្តិការរបស់រុស្ស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧កន្លងទៅថ្មីៗឲ្យដឹងថា ប្រព័ន្ធរ៉ាដា(Radar) ខែលការពារមីស៊ីល និងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក គឺបានគ្របដណ្តប់ហ៊ុំព័ទ្ធលើគន្លងបាញ់អាវុធមីស៊ីលទាំងអស់របស់រុស្ស៊ីដែលសំដៅទៅសហរដ្ឋអាមេរិក ។
លោកឧត្តមសេនីយ៍ Viktor Poznikhir បានបញ្ជាក់ឲ្យដឹងថា ប្រព័ន្ធខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិកដែលដាក់ដំឡើង និងពង្រាយនៅរដ្ឋ Alaska សហរដ្ឋអាមេរិក នៅប្រទេសរ៉ូម៉ានី និងប្រទេសប៉ូឡូញ បាននិងកំពុងបង្កើនសមត្ថភាពយ៉ាងខ្លាំងក្លាដើម្បីបាញ់ទម្លាក់មីស៊ីលវាយលុកឆ្លងទ្វីប(ICBM) របស់រុស្ស៊ី ។
អ្នកជំនាញសព្វាវុធអន្តរជាតិបានលើកឡើងឲ្យដឹងថា ថ្វីដ្បិតមហាអំណាចរុស្ស៊ី និងមហាអំណាចអាមេរិកមានកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទមីស៊ីលបាញ់ឆ្លងទ្វីប(ICBM) ដូចគ្នាមែន ប៉ុន្តែប្រព័ន្ធខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិកដែលដាក់ពង្រាយនូវលើទឹកដីអាមេរិក និងនៅទឹកដីបណ្តាប្រទេសជាសមាជិកអង្គការ NATO ក្បែរប្រទេសរុស្ស៊ី គឺមានអានុភាពលើសលប់ជាងខែលការពារមីស៊ីលរបស់រុស្ស៊ីឆ្ងាយណាស់ ។ មានន័យថា កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ ឬមីស៊ីលបាញ់ឆ្លងទ្វីបរបស់សហរដ្ឋអាមេរិក គឺខ្លាំងក្លាទាំងខាងវាយលុក ទាំងប្រព័ន្ធខែលការពារ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្នមហាអំណាចរុស្ស៊ីបាននិងកំពុងសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងទៅនឹងសកម្មភាពដាក់ពង្រាយប្រព័ន្ធមីស៊ីលវាយលុក និងខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិកនៅបណ្តាប្រទេសអឺរ៉ុប ជាសមាជិកអង្គការ NATO សម្ព័ន្ធមិត្តសហរដ្ឋអាមេរិកឋិតក្បែរប្រទេសរុស្ស៊ី រួមមាន ប្រទេសប៉ូឡូញ និងប្រទេសរ៉ូម៉ានី…ជាដើម។ល។ ៕