ក្រឡាបញ្ជីសាលាដំបូងខេត្តបន្ទាយមានជ័យម្នាក់ (អតីតជាក្រឡាបញ្ជីសាលាដំបូងខេត្តកោះកុង និងអតីតជាក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ) គឺលោក ហង្ស សាមឿន ត្រូវបានអង្គភាពប្រឆាំងអំពើពើពុករលួយ(ACU) មានឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាប្រធានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧កន្លងទៅថ្មីៗពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ ហើយត្រូវបានACU ចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ។
សេចក្តីប្រកាសព័ត៌មានលេខ០០៤/១៧សជណ.អបព ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះបានឲ្យដឹងថា លោក ហង្ស សាមឿន ក្រឡាបញ្ជីសាលាដំបូងខេត្តបន្ទាយមានជ័យបានយកអំណាចមុខងារ ភារកិច្ចរបស់ខ្លួនដែលច្បាប់ប្រគល់ឲ្យធ្វើការគាបសង្កត់ទារប្រាក់ពីជនរងគ្រោះដោយគ្មានការខ្លាចញញើតអ្វីទាំងអស់ ។
លោក ហង្ស សាមឿន បានចូលបម្រើការងាររដ្ឋនាឆ្នាំ១៩៨៥ និងបានប្រឡងជាប់ក្នុងវគ្គបណ្តុះបណ្តាលបន្តរបស់មន្ត្រីសុក្រឹតការក្រឡាបញ្ជី (វគ្គ៤) នៅសាលាភូមិន្ទក្រឡាបញ្ជីនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ៕