ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ មករា ឆ្នាំ ២០២១

​រឿង​ក្តៅ​នៅ​ឧបទ្វីប​កូរ៉េ ! អាមេរិក​អះអាងថា ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នឹងត្រូវ​រង​ការរារាំង​

​គេហទំព័រ UPI បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​បាន​ប្រកាស​អះអាង​រួចហើយ គឺ​រាល់​ការវាយប្រហារ​ណាមួយរ​បស់​ប្រទេស​កូរ៉េខាងជើង​នឹងត្រូវ​រារាំង​មិន​ឲ្យ​ត្រូវចំ​គោលដៅ​នៃ​ការវាយប្រហារ​ដើម្បី​សម្រេច​បំណង​របស់​ប្រទេសមួយ​នេះឡើយ ។​

​លោកស្រី Anna Richey-Allen មន្ត្រី​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ទទួលបន្ទុក​ការិយាល័យ​ខាង​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​បានបញ្ជាក់​ប្រាប់ Voice of America (VOA) តាម​ទូរស័ព្ទ​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​រួចរាល់​ហើយ​ដើម្បី​ការពារ​ខ្លួន ព្រមទាំង​ប្រទេស​សម្ព័ន្ធមិត្ត គឺ​ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េខាងត្បូង​ពី​ការគំរាមកំហែង​របស់​ប្រទេស​កូរ៉េខាងជើង ។ 

​ទីភ្នាក់ងារសារព័ត៌មាន CNN បាន​រាយការណ៍​ឲ្យ​ដឹងថា ប្រទេស​កូរ៉េខាងជើង​មាន​គម្រោង​ធ្វើតេស្ត​សាកល្បង​នូវ​ម៉ាស៊ីន​មី​ស៊ី​ល​ថ្មី​នាពេលខាងមុខ​ឆាប់ៗ​ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​អភិវឌ្ឍន៍​កាំជ្រួច​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ICBM) របស់​ប្រទេស​នេះ ។​

​អ្នកជំនាញ​ខាង​សព្វាវុធ និង​យុទ្ធសាស្ត្រ​យោធា​អន្តរជាតិ​បានបញ្ជាក់​ឲ្យ​ដឹងថា កាំជ្រួច​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ដែល​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ជាច្រើន​ព្រួយបារម្ភ​នាពេល​បច្ចុប្បន្ន​នោះ មិនទាន់មាន​លទ្ធភាព និង​សមត្ថភាព​បាញ់​ទៅដល់​ទឹកដី​សហរដ្ឋអាមេរិក​នៅ​ឡើយ​ទេ ប៉ុន្តែ​ចំពោះ​ដែនដី​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន​ដែលជា​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​អាច​ទទួលរង​ផលប៉ះពាល់ ។ 

​ក្រុម​អ្នកជំនាញ​សព្វាវុធ​អន្តរជាតិ​បានលើកឡើង​ដែរ​ថា ទោះយ៉ាងណា​ក៏ដោយ ការដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន THAAD (Terminal High Altitude Area Defense) របស់​សហរដ្ឋអាមេរិក​នៅលើ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង (​ជា​មី​ស៊ី​លអាច​បាញ់​ដល់​កូរ៉េខាងជើង​ត្រឹម​ប្រមាណ​០២​នាទី​) គឺអាច​ទប់ទល់​នឹង​មី​ស៊ី​ល​វាយលុក​របស់​កូរ៉េខាងជើង​បាន​យ៉ាង​ងាយ ។ លើសពីនេះ ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន PAC-3 ធុន THAAD និង​ជាពិសេស​ខែល​ការពារ​មី​ស៊ី​ល​ឆ្លាត​វៃ​ធុន Aegis BMD ដែល​សហរដ្ឋអាមេរិក និង​ជប៉ុន​រួមដៃគ្នា​អភិវឌ្ឍន៍​សម្រាប់​បំពាក់​លើ​នាវាចម្បាំង​របស់​ប្រទេស​ជប៉ុន​យ៉ាងតិច​ចំនួន​៦​គ្រឿង​នោះ ក៏​ល្មម​នឹង​អាច​ទប់ទល់​ជាមួយ​មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េខាងជើង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ ៕ 

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.