លើកលែងតែក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា(Telecom Cambodia-TC) ជាសហគ្រាសសាធារណៈមានលក្ខណៈជាក្រុមហ៊ុនរដ្ឋឋិតនៅក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(MPTC) និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(MEF) ដែលបង្កើតឡើងបើកផ្លូវឲ្យក្រុមមន្ត្រីមួយចំនួនរួមដៃប្រព្រឹត្តអំពើពុករលួយកើបលុយចែកគ្នាចាយនោះ គឺក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ សូមកុំយល់ច្រឡំ ! ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅថ្មីៗ សកម្មភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្ម(Advertising) តាមគ្រប់រូបភាព(គេហទំព័រ បណ្តាញសង្គម ស្លាកសញ្ញា) អំពីការប្តូរទឹកប្រាក់ឬបន្ថែមទឹកប្រាក់(Promotion) របស់បណ្តាក្រុមហ៊ុនទូរស័ព្ទចល័តណាដែលមានលក្ខណៈភូតកុហក់អតិថិជន និង/ឬលក់ក្រោមថ្លៃដើម (Cost Base) ត្រូវបាននិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក-TRC) ណែនាំឲ្យបញ្ឈប់ជាបន្ទាន់ តាមស្មារតីលិខិតលេខ០២៧៦ន.ទ.ក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ប៉ុន្តែសេចក្តីណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ដែលមានឯកឧត្តម ម៉ូវ ចរិយា ជាប្រធាន ហាក់មិនសូវមានប្រសិទ្ធភាពទៅលើបណ្តាក្រុមហ៊ុនទូរស័ព្ទចល័តទាំងនោះទេ គឺទំនងជា«ចាញ់ប្រៀប» អំណាចទឹកលុយរបស់ក្រុមហ៊ុនទូរស័ព្ទ ។
ដោយឡែក មានអតិថិជនជាអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តមួយចំនួនបាន«យល់សប្តិ» ឃើញថាខ្លួនបានក្លាយជាជនរងគ្រោះ ដ្បិតទឹកប្រាក់ក្នុងទូរស័ព្ទចល័តត្រូវបានក្រុមហ៊ុនទូរស័ព្ទលួចបន្លំកាត់ជាប្រចាំ ហើយពិបាកក្នុងការរកព័ស្តុតាងប្តឹងប្រឆាំងនឹងក្រុមហ៊ុនទូរស័ព្ទទាំងនោះថែមទៀត ខណៈមិនទាន់មានសមាគមន៍ការពារសិទ្ធិអ្នកប្រើប្រាស់សេវាទូរគមនាគមន៍ជាក់លាក់ដូចមានចែងក្នុងច្បាប់ស្តីពីទូរគមនាគមន៍នៅឡើយ ។
អ្នកជំនាញខាងវិស័យទូរគមនាគមន៍បានលើកឡើងថា សព្វថ្ងៃនៅកម្ពុជាមានអតិថិជនអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តយ៉ាងហោចណាស់ជាង១០លានស៊ីមកាត(SIM Card) ដូច្នេះ ប្រសិនបើបណ្តាក្រុមហ៊ុនទូរស័ព្ទចល័តទាំងនោះ មានបំណងទុច្ចរិតលួចបន្លំកាត់ទឹកប្រាក់តែត្រឹម១សេនដុល្លារអាមេរិកក្នុងមួយSIM Card ក្នុងមួយខែ ក៏អ្នកប្រើប្រាស់មិនដឹងដែរ ហើយបណ្តាក្រុមហ៊ុនទូរស័ព្ទទាំងនោះ អាចកិបកេងលុយប្រចាំខែពីអតិថិជនរបស់ខ្លួនមិនតិចតួចទេ ដោយមិនទាន់គិតទៅដល់ការឃោសនាពាណិជ្ជកម្មភូតភរបោកប្រាស់អតិថិជនផង ។
សេវាទូរគមនាគមន៍នៅកម្ពុជាបច្ចុប្បន្ន មានស្ថានភាពយ៉ាប់យ៉ឺនទាំងគុណភាព(ជាពិសេសពេលហៅឆ្លងកាត់ប្រព័ន្ធ) ទាំងសុវត្ថិភាព(មានការលបលួចស្តាប់ និងលបលួចថតការសន្ទនា…) រួមទាំងថ្លៃសេវាមានកម្រិតខ្ពស់ ក៏ដូចជាការកិបកេងទឹកប្រាក់ពីអតិថិជនថែមទៀត ។ មានន័យថា សុបិនរបស់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តមួយចំនួននោះសឹងបានក្លាយជាការពិតមែនទែនហើយ ! ៕