សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរីបានឲ្យដឹងថា នៅវេលាម៉ោង០៩ព្រឹក នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ មានសត្វដំរីព្រៃចំនួន ១១ក្បាលបានធ្លាក់ទៅក្នុងរណ្តៅស្រះមួយដែលបន្សល់ពីសម័យសង្គ្រាមទម្លាក់គ្រាប់បែកឋិតក្នុងព្រៃភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខណៈសត្វដំរីទាំងនោះអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតប្រសិនបើកិច្ចអន្តរាគមន៍សង្គ្រោះមិនទាន់ពេលវេលា។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បាននិយាយឲ្យដឹងថា ហ្វូងសត្វដំរីព្រៃមានមេផង កូនផងទាំងនោះ ទំនងជាស្វែងរកទឹកផឹក ហើយវង្វេងព្រៃក៏មកធ្លាក់ក្នុងរណ្តៅស្រះសល់ពីសម័យសង្គ្រាម ដែលសុទ្ធតែភក់ឡើងលើគោកវិញមិនរួច។
ទោះយ៉ាងណា សេចក្តីរាយការណ៍បានឲ្យដឹងដែរថា ក្រុមការងារមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានចុះទៅដល់កន្លែងកើតហេតុហើយ ដើម្បីជួយសង្គ្រោះហ្វូងសត្វដំរីទាំងនោះឲ្យរួចផុតពីគ្រោះថ្នាក់៕