ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ មករា ឆ្នាំ ២០២១

​ប្រយ័ត្ន​ជាន់​ដាន​ចាស់ ! សំណុំរឿង​ឃាតកម្ម​លោក កែម ឡី ដ៏​កក្រើក អាច​ក្លាយជា​ទម្រង់​ដូច​សំណុំរឿង​ឃាតកម្ម​អតី​ត​មេ​សហជីព ជា វិជ្ជា ? 

បុរស​ម្នាក់​អាយុ​៣៨​ឆ្នាំ ដែលមាន​ឈ្មោះថា អឿ​ត អាង ធ្លាប់​បួស​ធ្វើជា​ព្រះសង្ឃ និង​ក្រោយមក​មាន​រហស្សនាម​ថា «​ជួប សម្លាប់​» ដែល​សារភាពថា ខ្លួន​បានសម្លាប់​លោក​បណ្ឌិត កែម ឡី អាយុ​៤៦​ឆ្នាំ ប្រធាន​អង្គការ​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នកសិក្សា​ស្រាវជ្រាវ​កិច្ចការ​សង្គម​ដ៏​ល្បីឈ្មោះ​កាលពី​វេលា​ព្រឹក​នា​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​កន្លងទៅ នៅត្រង់ចំណុច​ទីតាំង​ហាង​លក់ទំនិញ​Star Mart នៃ​ស្ថានីយ៍​ប្រេងឥន្ធនៈ​Caltex ស្តុ​ប​បូកគោ កាច់ជ្រុង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដ៏​កក្រើក​ព្រោះ​ខឹងសម្បា​នឹង​លោក​បណ្ឌិត កែម ឡី ជំពាក់​លុយ​មិន​ព្រម​សង​នោះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧​នេះ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត ខណៈ​មាន​មជ្ឈដ្ឋាន​ជាច្រើន​យល់ឃើញថា បុរស​ឈ្មោះ  អឿ​ត អាង ហៅ​«​ជួប សម្លាប់​» ទំនង​មិនមែនជា​ឃាតក​ពិតប្រាកដ​ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ឡើយ ។​

​កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ លោក​ចៅក្រម លាង សំណាត់ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្លាប់បាន​សរសេរ​ដាក់​ថ្ងៃខែ​ឆ្នាំ​កំណើត​ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ​«​ជួប សម្លាប់​» ខុសឆ្គង​រួច​ម្តងមកហើយ គឺ​ដាក់ថា កើត​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦ ។ មានន័យថា គិត​ត្រឹម​ថ្ងៃកើតហេតុ​នៃ​អំពើ​ឃាតកម្ម​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី គឺ​ឈ្មោះ អឿ​ត អាង ហៅ «​ជួប សម្លាប់​» មិនទាន់​ចាប់កំណើត​ឃើញ​ពន្លឺព្រះអាទិត្យ​នៅឡើយ​ទេ ។ រូបភាព​បំពេញការងារ​ខ្ជីខ្ជា និង​ធ្វេសប្រហែស របស់​មន្ត្រី​តុលាការ​ក្នុង​សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​នេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​សម្តែង​នូវ​ការស្រងាកចិត្ត ហើយ​បាត់បង់​ជំនឿ​ទៅលើ​ការវិនិច្ឆ័យ​សេចក្តី​របស់​តុលាការ​ទាំងស្រុង ។​

​មជ្ឈដ្ឋាន​ដែល​មិន​ជឿថា បុរស​ឈ្មោះ អឿ​ត អាង ហៅ​«​ជួប សម្លាប់​» ជា​ឃាតក​ពិតប្រាកដ​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ បាន​បញ្ចេញ​មតិយោបល់​ថា សេចក្តីសម្រេច​របស់​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដូច្នេះ គឺ​ធ្វើ​ឲ្យ​ឃាតក​ពិតប្រាកដ និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ឃាតក​ពិតប្រាកដ​បាន​រួចខ្លួន​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​ហ៊ឺហា ហើយ​កម្ពុជា​ក៏​ធ្លាក់​ទៅក្នុង​វប្បធម៌​និ​រ​ទណ្ឌ​ភាព​តទៅទៀត ខណៈ​ជនរងគ្រោះ​ទទួលបាន​នូវ​ភាពអយុត្តិធម៌​ជា​រៀងរហូត ។​

​គួរ​រំលឹក​ជូន​ដែរ​ថា កាលពី​អំឡុង​ឆ្នាំ​២០០៤ នៅ​កម្ពុជា​ក៏មាន​សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​ដែរ គឺ​សំណុំរឿង​ឃាតកម្ម​លើ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​ល្បីឈ្មោះ ដែល​ត្រូវបាន​ឃាតក​បាញ់សម្លាប់​នា​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៤ នៅត្រង់ចំណុច​តូប​លក់​កាសែត​លេខ​២ ជាប់​របង​ខាងលិច​វត្ត​លង្កា វិថី​ប៉ាស្ទ័រ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ យោងតាម​របាយការណ៍​របស់​ប៉ូលិស​រាជធានី​ភ្នំពេញ បុរស​វ័យក្មេង​ចំនួន​២​នាក់ ឈ្មោះ ប៊​ន សំណាង និង​ឈ្មោះ សុខ សំអឿន បាន​ក្លាយជា​ជនជាប់ចោទ ហើយ​ត្រូវបាន​ស្ថាប័ន​តុលាការ​តាំងពី​សាលាដំបូង​រាជធានី​ភ្នំពេញ​រហូតដល់​សាលាឧទ្ធរណ៍​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​ជាច្រើន​ឆ្នាំ​ក្នុង​ម្នាក់ៗ ក្រោម​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន លើ​លោក ជា វិជ្ជា រហូត​បង្ក​ឲ្យ​មានប្រតិកម្ម​ពី​មជ្ឈដ្ឋាន​ជាច្រើន រួមទាំង​ដើមបណ្តឹង​រដ្ឋប្បវេណី​ផង ដែល​ចាត់ទុកថា​«​ជា​ឃាតក​សិប្ប​និមិត្ត​» ។ លុះដល់​ចុងឆ្នាំ​២០១៣ ទើប​តុលាការ​កំពូល​វិនិច្ឆ័យ​សេចក្តីសម្រេច​ឲ្យ​ជនជាប់ចោទ​ឈ្មោះ ប៊​ន សំណាង និង​ឈ្មោះ សុខ សំអឿន រួចផុត​ពីបទ​ចោទ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ព្រមទាំង​បង្គាប់​ឲ្យ​មានការ​ស៊ើប​សង្កេត​ប្រឆាំង​លើ​ជនល្មើស​សាជាថ្មី ។ រហូតមកទល់​សព្វថ្ងៃ ឃាតក​ពិតប្រាកដ​ដែល​បាញ់សម្លាប់​លោក ជា វិជ្ជា មិនទាន់បាន​វែកមុខ​យកមក​ផ្តន្ទាទោស​តាមច្បាប់​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ក្រុមគ្រួសារ​សាច់ញាតិ​ជនរងគ្រោះ​នៅឡើយ​ទេ ។​

​ដូច្នេះហើយ ទើប​មជ្ឈដ្ឋាន​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ និង​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​ចោទ​ជា​សំណួរ​ថា តើ​សំណុំរឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នា​ឆ្នាំ​២០១៦ អាច​ក្លាយជា​ទម្រង់​ដូចគ្នា​ទៅនឹង​សំណុំរឿង​ឃាតកម្ម​លោក ជា វិជ្ជា នា​ឆ្នាំ​២០០៤​ដ៏​កក្រើក​កាលពី​១២​ឆ្នាំមុន​ដែរឬទេ ? ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.