រថយន្តទំនើបមួយគ្រឿងម៉ាក Lexus ពាក់ស្លាកលេខខេមរភូមិន្ទ ត្រូវបានជនជាតិចិនបើកបរបោះពួយយ៉ាងលឿនទាំងស្រវឹងជ្រុលទៅបុកក្បាលនាគពុះខណ្ឌចែកទ្រូងផ្លូវតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ឋិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឡើងកក្រើកកាលពីវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ បណ្តាលឲ្យរថយន្តរងការខូចខាតបែកកង់មុខខាងឆ្វេងទៅមុខលែងរួច ប៉ុន្តែអ្នកបើកបរយានយន្តបង្កបានគេចខ្លួនបាត់ស្រមោល ។
រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុកក្បាលនាគពុះខណ្ឌចែកទ្រូងផ្លូវនាពេលរំលងអធ្រាត្រនោះម៉ាកLexus GX460 ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ01.2-1006 ដោយសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា អ្នកបើកបរ គឺជាបុរសជនជាតិចិនមានអាការៈស្រវឹងស្រាទៀតផង ។ ក្រោយពេលបុកទៅលើក្បាលនាគពុះខណ្ឌចែកទ្រូងផ្លូវលាន់សូរដូចរន្ទះរួចហើយ ជនបង្កបានព្យាយាមបើករថយន្តទាំងបែកកង់មុខបានប្រមាណ១០០ម៉ែត្រក្នុងគោលបំណងគេចវេះមិនទទួលខុសត្រូវ ប៉ុន្តែត្រូវសមត្ថកិច្ចចុះមកអន្តរាគមន៍ទាន់ក៏ឃាត់រថយន្តបង្កទុកតែម្តង ខណៈជនបង្កបានគេចខ្លួនបាត់ដោយសុវត្ថិភាព ។
យោងតាមប្រកាសលេខ០៦៤/២០០៩ប្រ.ក្រ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៩ របស់ក្រសួងការពារជាតិស្តីពីការចេញប័ណ្ណ ស្លាកលេខចរាចរណ៍ និងសញ្ញាសំគាល់ស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ គឺរថយន្តពាក់ស្លាកលេខខេមរភូមិន្ទមានលេខកូដសំគាល់០១ ជារថយន្តប្រើប្រាស់ដោយក្រសួងការពារជាតិ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា អនុលោមតាមមាត្រា៥ មាត្រា៦ និងមាត្រា១១ នៃអនុក្រឹត្យលេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ គឺយានយន្តដែលពាក់ស្លាកលេខខេមរភូមន្ទត្រូវជាយានយន្តទ្រព្យសម្បត្តិរបស់រដ្ឋគ្រប់គ្រងដោយក្រសួងការពារជាតិសម្រាប់ប្រើប្រាស់នៅសមរភូមិក្នុងវិស័យការពារជាតិ (មធ្យោបាយសម្រាប់ដឹកជញ្ជូនសម្ភារៈទ័ព ឬដឹកជញ្ជូនកងទ័ព) ដោយត្រូវលាបពណ៌ត្រេអ៊ី ឬជាពណ៌អ្វីផ្សេងដែលជាពណ៌ពិសេសសម្រាប់កងទ័ព…។ ផ្ទុយទៅវិញ រថយន្តបង្កខាងលើដែលពាក់ស្លាកលេខខេមរភូមិន្ទ 01.2-1006 បែរជាបើកបរដោយជនជាតិចិនស្រវឹងស្រានៅក្នុងរាជធានីភ្នំពេញយ៉ាងហ៊ឺហា ព្រមទាំងគ្មានលាបពណ៌ត្រេអ៊ីថែមទៀត ដែលជារូបភាពបង្ហាញអំពីការបង្អាប់បង្អោនដល់មុខមាត់ និងកិត្យានុភាពកងយោធពលខេមរភូមិន្ទយ៉ាងធ្ងន់ធ្ងរបំផុត ៕