ប្រជាជនកម្ពុជាដែលធ្លាប់ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១នៃរដ្ឋសភា(១៩៩៣-១៩៩៨) រៀបចំដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា «អ៊ុនតាក់- UNTAC » ប្រាកដជានៅចងចាំយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា(CPP) ធ្លាប់បានចាញ់ឆ្នោតយ៉ាងអាម៉ាស់សឹងមិនគួរឲ្យជឿដោយទទួលបានសំឡេងឆ្នោតគាំទ្រត្រឹម៥១អាសនៈប៉ុណ្ណោះនៅក្នុងចំណោមអាសនៈក្នុងរដ្ឋសភាសរុបចំនួន១២០អាសនៈ ។ មានន័យថា ប្រជាជនកម្ពុជាភាគច្រើន«លែងត្រូវការ» គណបក្សប្រជាជនកម្ពុជានាពេលនោះបាត់ទៅហើយ ។
លុះមកដល់សម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នៃរដ្ឋសភា (២០១៣-២០១៨) រៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា«គ.ជ.ប- NEC» ថ្វីដ្បិតគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រប្រកាសដោយ គ.ជ.ប ឈ្នះលើគណបក្សសង្គ្រោះជាតិ(CNRP) ក៏ដោយ ក៏លទ្ធផលឆ្នោតបានបង្ហាញថា ប្រជាជនកម្ពុជាដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិចំនួន២ ៩៤៦ ១៧៥នាក់ «មិនត្រូវការ»គណបក្សប្រជាជនកម្ពុជាឡើយក្នុងចំណោមប្រជាជនកម្ពុជាចូលរួមបោះឆ្នោតសរុបចំនួន៦ ៦២៧ ១៥៩នាក់ ។
ក្រុមអ្នកច្បាប់ និងអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជាបានលើកឡើងថា អនុលោមតាមហេតុផលខាងលើ គឺគណបក្សប្រជាជនកម្ពុជា ត្រូវតែ«ដូរឈ្មោះ» គណបក្សនេះចេញ ពីព្រោះឈ្មោះ «គណបក្សប្រជាជនកម្ពុជា»មិនបានបម្រើឲ្យឆន្ទៈនយោបាយប្រជាជនកម្ពុជាទាំងមូលក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ ពោលបានត្រឹមបម្រើឲ្យឆន្ទៈនយោបាយរបស់ប្រជាជនកម្ពុជាដែលគាំទ្រគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ។
ដោយឡែក នៅក្នុងសេចក្តីព្រាងគោលនយោបាយអាទិភាព៥ចំណុចរបស់គណបក្សសង្គ្រោះជាតិដោយដាក់ពាក្យស្លោកថា«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» នៅក្នុងខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ឆ្នាំ២០១៧ខាងមុខជិតមកដល់នោះ ស្រាប់តែនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបញ្ចេញប្រតិកម្ម«ឆេះដុំ» ចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់ថា មានចរិតញុះញង់ បង្កហេតុ និងប្រមាថមើលងាយដល់មន្ត្រីឃុំ សង្កាត់ទូទាំងប្រទេស និងស្នើឲ្យមានការកែតម្រូវ ព្រមទាំងគំរាមប្តឹងទៅតុលាការក្នុងករណីគណបក្សសង្គ្រោះជាតិមិនព្រមកែតម្រូវពាក្យស្លោករបស់ខ្លួនទៅវិញ (Sic!) ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែរ ក្រុមអ្នកច្បាប់ និងអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជាបានលើកឡើងថា បើយោងទៅតាមខ្លឹមសារនៃពាក្យស្លោក«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» របស់គណបក្សសង្គ្រោះជាតិ គឺគណបក្សនេះចង់សំដៅផ្លាស់ប្តូរតែមេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ណាដែលបម្រើបក្សប៉ុណ្ណោះ មិនប៉ះពាល់ទៅដល់មេឃុំ ចៅសង្កាត់ទាំងអស់នោះទេ និងម្យ៉ាងទៀតប្រសិនបើមានការប៉ះពាល់មែន ក៏ត្រឹមប៉ះពាល់ដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣សរុបចំនួន១១ ៤៥៩នាក់(បូករួមទាំងក្រុមប្រឹក្សាឃុំ សង្កាត់មកពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សផង) ដែលមិនស្មើនឹងឈ្មោះ «គណបក្សប្រជាជនកម្ពុជា» បង្កការប៉ះពាល់ ឬរំលោភបំពានទៅលើសិទ្ធិ និងឆន្ទៈនយោបាយរបស់ប្រជាជនកម្ពុជាជិត៣លាននាក់ដែលមិនគាំទ្រគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ២០១៣នោះឡើយ ។ ដូច្នេះ ពាក្យស្លោក«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» របស់គណបក្សសង្គ្រោះជាតិគឺគ្មានអ្វីខុសឆ្គងដែលត្រូវលុបចោល ឬដូរចេញឡើយ ផ្ទុយទៅវិញឈ្មោះ «គណបក្សប្រជាជនកម្ពុជា» ឯណោះដែលត្រូវតែ «ដូរចេញ» ទើបសមរម្យបំផុត ៕