ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

​សាកសព​ឈើ​គ្រញូង​អាយុ​ជាង​២០០​ឆ្នាំ​ក្នុង​ឧទ្យាន​អង្គរ​ដែល​រង​ការបំផ្លាញ បានក្លាយ​ជា​រូប​បដិមា​

​ឈើ​គ្រញូង​មួយ​ដើម​អាយុ​ចំណាស់​ជាង​២០០​ឆ្នាំ ប្រវែង​ជាង​៨​ម៉ែត្រ ដុះ​នៅ​ខាងកើត​វត្ត​ថ្មី​ដំរី​សែន​ជ័យ ឋិត​ក្នុងភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ត្រូវបាន​ជនខិលខូច​លួច​អារកាត់​តាំងពី​រាត្រី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ និង​ត្រូវបាន​មន្ត្រី​អាជ្ញាធរ​អប្សរា​អារកាត់​ផ្តួលរំលំ​បង្ហើយ​រាប​ដល់​ដី​នៅវេលា​ព្រឹក​នា​ថ្ងៃទី​០៦ ខែ​វ​ច្ឆិ​កា ឆ្នាំ​២០១៦ បង្ក​ឲ្យ​មានការ​រិះគន់​ព្រោងព្រាត និង​ខ្លាំងៗ​កន្លង​ទៅនោះ ត្រូវបាន​យកមក​ឆ្លាក់​ធ្វើជា​រូប​បដិមា​ចំនួន​៦​អង្គ បន្ទាប់ពី​អាជ្ញាធរ​បាន​ដកហូត​សាកសព​ឈើ​គ្រញូង​ប្រគល់​ឲ្យ​គណៈកម្មការ​វត្ត​ថ្មី​ដំរី​សែន​ជ័យ​គ្រប់គ្រង​រក្សាទុក​រួចមក ។​

​គណៈកម្មការ​វត្ត​ថ្មី​ដំរី​សែន​ជ័យ​បាន​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹងថា ឈើ​គ្រញូង​ក្នុង​ឧទ្យាន​អង្គរ​ដែល​ត្រូវបាន​ផ្តួលរំលំ​នោះ គឺ​ត្រូវបាន​គណៈកម្មការ​វត្ត​ចាត់ចែង​ឲ្យ​ជាង​ឆ្លាក់​ធ្វើជា​រូប​បដិមា​សំខាន់ៗ​ចំនួន​៦​អង្គ សម្រាប់​ទុកជា​ការគោរព​បូជា​ជាទី​សក្ការៈ​របស់​ពុទ្ធប​រិ​ស័​ទ រួមមាន ៖ បដិមា​ព្រះអង្គ​ចេក បដិមា​ព្រះអង្គ​ចម បដិមា​ព្រះអង្គ​ជប់ភ្នំ​គូ​លេន បដិមា​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ បដិមា​អ្នកតា​ដំបងគ្រញូង និង​បដិមា​លោកតា​រាជ ខណៈ​បដិមា​ទាំងនោះ​ត្រូវបានធ្វើ​ពិធី​អភិសេក​កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៧​ម្សិលមិញ ត្រូវ​នឹង​ថ្ងៃ​១៥​កើត​(​ពេញ​បូរ​មី​) ខែផល្គុន ឆ្នាំវក អដ្ឋស័ក ព​.​ស​២៥៦០ រហូតដល់​ថ្ងៃស្អែក​ទី​១៤ ខែមីនា ឆ្នាំ​២០១៧ ។​

​ពាក់ព័ន្ធ​នឹង​ការបំផ្លិចបំផ្លាញ​ឈើ​គ្រញូង​មួយ​ដើម​អាយុ​ជាង​២០០​ឆ្នាំ ក្នុង​ឧទ្យាន​អង្គរ​ដ៏​គួរ​ឲ្យ​សោកស្តាយ​នោះ មេដឹកនាំ​គ្រាក់ៗ​របស់​អាជ្ញាធរ​អប្សរា ដូចជា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ត្រូវជា​ដន្លងដងស្នែង​នាយករដ្ឋមន្ត្រី ជា​ប្រធាន និង​ឯកឧត្តម​បណ្ឌិត ស៊ុំ ម៉ាប់ ជា​អគ្គនាយក មិនបាន​ចេញមុខ​ទទួលខុសត្រូវ​ទេ គឺមាន​ត្រឹម​ឋានៈ​ឯកឧត្តម ឈរ ថា​ណាត អគ្គនាយករង​អាជ្ញាធរ​អប្សរា ទទួលបន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន និង​លោក ចេ​វ ផល ប្រធានការិយាល័យ​គ្រប់គ្រង​ព្រៃឈើ​នៃ​អាជ្ញាធរ​អប្សរា​ប៉ុណ្ណោះ​ដែល​ទទួលរង​ការចោទប្រកាន់​យកទៅ​ឃុំខ្លួន​ដាក់ពន្ធនាគារ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.