រយៈពេល០២ថ្ងៃកន្លងទៅថ្មីៗនេះ អនុប្រធានតុលាការសាលាដំបូងខេត្តកំពង់ស្ពឺម្នាក់ គឺលោកចៅក្រម ម៉ែន វណ្ណៈ ត្រូវបានលោក ឈៀវ គីមហាក់ ក្រឡាបញ្ជីសាលាដំបូងខេត្តកំពង់ស្ពឺ និងជាជនពិការជើង(ក្រឡាបញ្ជីលោកចៅក្រម ជូ លឹមហ៊ាង) ដាក់ពាក្យប្តឹងទៅឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តាមរយៈលោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺឲ្យមានវិធានការផ្លូវច្បាប់ បន្ទាប់ពីលោកចៅក្រម ម៉ែន វណ្ណៈរងការចោទប្រកាន់ថា បានប្រើអំពើប្រមាថទៅលើលោកក្រឡាបញ្ជី ឈៀវ គីមហាក់ ដោយយកកាំភ្លើងខ្លីភ្ជង់ក្បាល និងពោះ ព្រមទាំងយកគ្រាប់កាំភ្លើងដាក់ចូលក្នុងកែវស្រាបង្ខំឲ្យផឹកស្រា និងដកឈើច្រត់ចេញឆ្ងាយពីខ្លួនដែលជាជនពិការជើង…ច្រើនលើកច្រើនសា ។
ពាក្យបណ្តឹងចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ របស់លោកក្រឡាបញ្ជី ឈៀវ គីមហាក់ បានសំណូមពរចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ និងមានវិធានការតាមនីតិវិធីច្បាប់ទៅលើអំពើរបស់លោកចៅក្រម ម៉ែន វណ្ណៈ ដើម្បីផ្តល់នូវភាពយុត្តិធម៌ តម្លៃជាមនុស្ស កិត្តិយស សេចក្តីថ្លៃថ្នូរ និងមិនត្រូវបានរើសអើងរូបលោកជាជនពិការ ក៏ដូចជាមន្ត្រីមានតួនាទីតូចតាច ។
ក្រោយរយៈពេល០១ថ្ងៃនៃការដាក់ពាក្យបណ្តឹងរបស់លោកក្រឡាបញ្ជី ឈៀវ គីមហាក់ សុំអន្តរាគមន៍ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នោះរួចមក គឺនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ លោកចៅក្រម ម៉ែន វណ្ណៈ ដែលមានតួនាទីជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺផង បានធ្វើសេចក្តីថ្លែងការណ៍សុំទោសលោក ឈៀវ គីមហាក់ ជាសាធារណៈ និងសូមឲ្យលោក ឈៀវ គីមហាក់ ឈប់ខឹង និងប្រកាន់មកលើខ្លួនទៀត ដោយអះអាងថា «ជាការលេងសើចរវាងមេ និងកូនចៅ» (Sic!)។
គួររំលឹកជូនថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦កន្លងទៅ ក្នុងនាមជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ លោកចៅក្រម ម៉ែន វណ្ណៈ ធ្លាប់បានសម្រេចឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារទៅលើជនត្រូវចោទចំនួន៥នាក់ បម្រើការងារនៅក្នុងសម្ព័ន្ធសហជីពចលនាកម្មករក្រោមការចោទប្រកាន់ចំនួន៤បទល្មើស រួមមាន ៖ បទញុះញង់ឲ្យប្រព្រឹត្តបទល្មើស បទធ្វើឲ្យខូចខាតដោយចេតនា បទមិនគោរពសេចក្តីសម្រេចរបស់តុលាការ និងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។ លុះរយៈពេល០៦ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ជនត្រូវចោទទាំង៥នាក់ត្រូវបានលោកចៅក្រម ម៉ែន វណ្ណៈ សម្រេចដោះលែងឲ្យនៅក្រៅឃុំវិញ ។ ដោយឡែកក្នុងសំណុំរឿងក្តីមួយផ្សេងទៀត គឺនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ លោកចៅក្រម ម៉ែន វណ្ណៈ ធ្លាប់បានសម្រេចឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារទៅលើជនត្រូវចោទចំនួន២នាក់(ក្នុងនោះ មានម្នាក់ជាស្ត្រីផង) បម្រើការងារនៅក្នុងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការចោទប្រកាន់ត្រឹមចំនួន២បទល្មើស រួមមាន ៖ បទញុះញង់ឲ្យប្រព្រឹត្តបទល្មើស និងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយរយៈពេលជាង០១ខែក្រោយមក ទើបជនត្រូវចោទទាំង២នាក់នោះ ត្រូវបានលោកចៅក្រម ម៉ែន វណ្ណៈ សម្រេចអនុញ្ញាតដោះលែងឲ្យនៅក្រៅឃុំវិញ ក្រោមការជួយអន្តរាគមន៍យ៉ាងសកម្មពីសំណាក់មេធាវីការពារក្តីផង ដែលឆ្លុះបញ្ចាំងអំពីការប្រើប្រាស់ឆន្ទានុសិទ្ធិមិនប្រក្រតីរបស់លោកចៅក្រម ម៉ែន វណ្ណៈ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកតាមដានឃ្លាំមើលអំពើរបស់លោកចៅក្រម ម៉ែន វណ្ណៈ ក្នុងតួនាទីជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺផងបានលើកឡើងថា លោកចៅក្រម ម៉ែន វណ្ណៈ ក្រោមឥទ្ធិពលនៃចរិតអំនួត គឺមិនត្រឹមជាប់ឈ្មោះ ជាកំពូលចៅក្រមខាង«ប្រើប្រាស់ឆន្ទានុសិទ្ធិមិនប្រក្រតី» ប៉ុណ្ណោះទេ ព្រមទាំងជាប់ឈ្មោះ ជាកំពូលចៅក្រមខាង«លេងកាំភ្លើង» ថែមទៀត ។ លើសពីនេះ ប្រសិនបើលោកចៅក្រម ម៉ែន វណ្ណៈ មានឱកាសត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺយ៉ាងហ៊ីហាទៀតនោះ គឺលោកចៅក្រម ម៉ែន វណ្ណៈ អាចនឹងជាន់ដីខេត្តកំពង់ស្ពឺទាំងមូល«ផ្អៀង» តែម្តង ។
លោក ម៉ែន វណ្ណៈ អតីតជាសិស្សចៅក្រមជំនាន់ទី៣សាលាភូមិន្ទចៅក្រម នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ត្រូវបានតែងតាំងជាចៅក្រមកម្មសិក្សានៅសាលាដំបូងខេត្តស្ទឹងត្រែង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៩/៧៨៨ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៩ និងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌនៃអង្គចៅក្រមបម្រើការងារជាចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១០/៨៣៣ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០ ។ ក្រោយមក លោកចៅក្រម ម៉ែន វណ្ណៈ ត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១១/៦៩៥ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ ។ តមកទៀត លោកចៅក្រម ម៉ែន វណ្ណៈ ក៏ទទួលបានការតែងតាំងជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺទល់បច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧៣៣ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ៕