ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

កូរ៉េខាងត្បូង​សម្រេច​ដាក់ពង្រាយ​ខែល​ការពារមីស៊ីលអាមេរិកធុន​ THAAD ខណៈចិន​ខឹងសម្បាដាក់ទណ្ឌកម្ម​បិទទីផ្សារ​ក្រុមហ៊ុន​ Lotte​ Group

សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា នៅថ្ងៃទី​០៧ ខែមីនា ឆ្នាំ២០១៧នេះ​ ប្រទេសកូរ៉េខាងត្បូង​បាន​សម្រេច​ចាប់ផ្តើម​ដំឡើង​ និងដាក់ពង្រាយ​ប្រព័ន្ធខែលការពារមីស៊ីល​ធុន THAAD របស់​សហរដ្ឋអាមេរិក​ ដើម្បីត្រៀមទប់ទល់​ទៅនឹង​កម្មវិធីអាវុធមីស៊ីល​របស់​ប្រទេស​កូរ៉េខាងជើង​ជាបណ្តើរៗហើយនៅលើទីតាំងដី​វាយកូនហ្គោល​មួយកន្លែង​ដែល​ទើបទិញបាន​ពីក្រុមហ៊ុន​ Lotte Group ឋិតក្នុងតំបន់​ Seongju នៃខេត្ត Gyeongsang ភាគខាងជើង​ មានចម្ងាយប្រមាណ​ជិត៣០០គីឡូម៉ែត្រពីទីក្រុង​ Seoul ក្នុងគម្រោង​ទឹកប្រាក់​ជាង១ពាន់លានដុល្លារអាមេរិក​។

ក្រុមហ៊ុន​ Lotte Group របស់កូរ៉េខាងត្បូង​បាន​ប្រកាស​ឲ្យដឹងកាលពីថ្ងៃទី​០៦ ខែមីនា ឆ្នាំ២០១៧​ម្សិលមិញថា សាខាលក់រាយ​ចំនួន៤កន្លែង​របស់ក្រុមហ៊ុន​នៅប្រទេសចិន​ ត្រូវបាន​រដ្ឋាភិបាលចិន​បញ្ជាឲ្យបិទទ្វារអាជីវកម្ម​ ដើម្បី​បង្ហាញ​នូវ​ការ​ប្រឆាំងតបត ឬសងសឹកពីសំណាក់រដ្ឋាភិបាលចិន​ទៅនឹង​ក្រុមហ៊ុន​​ដែលបាន​លក់ទីតាំងដី​មួយកន្លែង​ទៅឲ្យរដ្ឋាភិបាលប្រទេស​កូរ៉េខាងត្បូង​ដាក់ពង្រាយ​ប្រព័ន្ធខែលការពារ​មីស៊ីលធុន THAAD របស់សហរដ្ឋអាមេរិក​នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង​ទប់ទល់នឹងកម្មវិធី​កាំជ្រួចមីស៊ីល​របស់​ប្រទេស​កូរ៉េខាងជើង​។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ Lotte Group បាន​ឲ្យដឹងថា ក្រុមហ៊ុន​មានសាខាលក់រាយ​រហូតដល់ចំនួន​១១៥នៅប្រទេសចិន​ ដែលអាច​ប្រមូលប្រាក់ចំណូលបាន​យ៉ាងតិច​ចំនួន២,៦ពាន់លានដុល្លារអាមេរិក​ក្នុងមួយឆ្នាំៗ​ ខណៈក្រុមហ៊ុន​បាន​ដាក់ទុនវិនិយោគប្រមាណ​៨,៧ពាន់លានដុល្លារអាមេរិក​នៅលើទីផ្សារប្រទេសចិន​ចាប់តាំងពីអំឡុងឆ្នាំ១៩៩៤ ។ ឥឡូវនេះ​ ចិនកំពុងដាក់ទណ្ឌកម្ម​ទីផ្សារ​មកលើក្រុមហ៊ុន​ បន្ទាប់ពីក្រុមហ៊ុន​បាន​សម្រេច​លក់ដី​ឲ្យ​​ទៅរដ្ឋាភិបាល​កូរ៉េខាងត្បូង​សម្រាប់ដាក់ពង្រាយ​ប្រព័ន្ធខែលការពារ​មីស៊ីល​ធុន THAAD របស់សហរដ្ឋអាមេរិករួចមក។

ប្រព័ន្ធខែលការពារ​មីស៊ីលធុន​ THAAD (Terminal High Altitude Area Defense)​ របស់សហរដ្ឋអាមេរិក​មាន​ទម្ងន់ជិត​១តោន​ ប្រវែង​៦,១៧ម៉ែត្រ​ ក្នុង១ដើម អាចបាញ់បាន​រយៈចម្ងាយ​ជាង​២ ០០០ គីឡូម៉ែត្រ ក្នុងកម្រិតល្បឿនជាង​១ម៉ឺនគីឡូម៉ែត្រក្នុង១ម៉ោង (ពោលគឺ អាចបាញ់ដល់ទឹកដីប្រទេសចិនក្នុងរយៈពេលប្រមាណ​១២នាទី និងដល់ទឹកដីប្រទេសកូរ៉េខាងជើងក្នុងរយៈពេល​ប្រមាណ​០២នាទី)៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.