កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧កន្លងទៅថ្មីៗ គេហទំព័រសារព័ត៌មានដើមត្នោត ធ្លាប់បានផ្សព្វផ្សាយអត្ថបទមួយមានចំណងជើងថា ៖ រឿង«ទៅហើយមកវិញ» !កូនចៅកាត់តាមមេក្នុងរឿងទទួលតំណែងនៅក្រសួងអធិការកិច្ចតាមរបៀប«ទៅហើយមកវិញ» ដូច «លេងល្ខោន» ពាក់ព័ន្ធនឹងការចាកចេញ និងវិលចូលវិញលើការតែងតាំងមុខតំណែងរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ហៅកាត់ថា«ក្រសួងអធិការកិច្ច» និងឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច ។ ប៉ុន្តែ ឥឡូវនេះ នៅក្នុងស្ថាប័នតុលាការក៏មានរឿង «ទៅហើយមកវិញ»ដែរ គឺលោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ធ្លាប់បានផ្លាស់ចេញពីអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងហើយ បែរជាត្រូវបានផ្ទេរភារកិច្ចឲ្យចូលមកអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងវិញ ដោយមិនទាន់បានដឹងអំពីមូលហេតុអ្វីជាក់លាក់នៅឡើយ ។
លោក ច្រឹង ខ្មៅ ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ បច្ចុប្បន្នអាយុ៤៦ឆ្នាំ អតីតជាសិស្សចៅក្រមជំនាន់ទី១សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការត្រូវបានតែងតាំងជាព្រះរាជអាជ្ញារងកម្មសិក្សានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៥/៥៣៤ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៥ និងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌអង្គចៅក្រមបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៧/០៦៧ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៧ ។
ក្រោយមក លោកព្រះរាជអាជ្ញារង ច្រឹង ខ្មៅ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៩/៧៨៦ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៩ និងបន្តមកទៀត លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ក៏ត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវទល់បច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤៤៨ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ ។
ឥឡូវនេះ មិនដឹងមកពីមានមូលហេតុអ្វីជាក់លាក់នោះទេ ស្រាប់តែលោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្តស្ទឹងត្រែងដែលធ្លាប់បំពេញការងាររួចហើយទៅវិញ ដោយព្រះរាជក្រឹត្យលេខសន/រកត/០២១៧/២៤៧ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។
នេះ គឺជារឿង«ទៅហើយមកវិញ» ដែលកើតមាននៅក្នុងស្ថាប័នតុលាការកម្ពុជាបច្ចុប្បន្ន ៕