ថ្ងៃ អង្គារ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨

​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ក្លាយជា​«​ក្រដាសអនាម័យ​» នៅពេលដែល​ការសន្ទនា​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​«​បែកធ្លាយ​ដូច​ទឹកបាក់​ទំនប់​» 

​ចាប់តាំងពី​«​វប្បធម៌​សន្ទនា​» រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ស​ង្គោះ​ជាតិ​ដែលជា​គណបក្សនយោបាយ​ធំៗ​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ទាំងពីរ​សាបរលាប​លែង​មានន័យ​ខ្លឹមសារ​រួចមក រឿងរ៉ាវ​«​បែកធ្លាយ​ខ្សែអាត់​សំឡេង ឬ​សារ​ជា​អក្សរ​នៃ​ការសន្ទនា​ឆ្លងឆ្លើយ​»​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ក្លាយទៅជា​ព័ត៌មាន​ពេញនិយម និង​ត្រូវបាន​គេ​យកមក​លាតត្រដាង​ជា​សាធារណៈ​យ៉ាង​ចំហ​ធ្លុង រួមមាន​៖ បែកធ្លាយ​ការសន្ទនា​រវាង​ថ្នាក់ដឹកនាំ ឬ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​ស្រី​ញី បែកធ្លាយ​ការសន្ទនា​នូវ​សារ​ជា​អក្សរ​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាក​ចក្រ​កម្ពុជា ជាមួយ​ស្ត្រី​វ័យក្មេង​ម្នាក់​ឈ្មោះ ធី សុវណ្ណ​ថា ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម រហូតដល់​បែកធ្លាយ​ការសន្ទនា​រវាង​បុរស​ខ្លាំង​នៃ​កម្ពុជា​ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណ​ក​បក្ស​សង្គ្រោះ​ជាតិ​(​បច្ចុប្បន្ន ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​)…​ជាដើម​។​ល​។ 

​លើសពីនេះ រូបភាព​នៃ​ការ​បែកធ្លាយ​ការសន្ទនា​(​លបស្តាប់ ឬ​លប​ថត​) ដោយ​ការប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍​នោះ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​តែង​យកមកប្រើ​ប្រាស់​ធ្វើជា​មូលដ្ឋាន​កេងចំណេញ​ខាង​នយោបាយ និង​វាយប្រហារ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សនយោបាយ​ប្រឆាំង​ដ៏​ធំ​តែមួយគត់​នៅ​កម្ពុជា​យ៉ាងសកម្ម និង​ចាស់ដៃ​ទៀតផង ។​

​មាត្រា​៤០ កថាខណ្ឌ​ទី​៣​នៃ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា​បានចែង​ថា «​ការរក្សា​សិទ្ធិ​មិន​ឲ្យ​រំលោភ​លើ​លំនៅឋាន និង​អាថ៌កំបាំង​នៃ​ការឆ្លើយ​ឆ្លងតាម​លិខិត តាម​សារ​ទូរលេខ ទូរពុម្ព ទូរ​គម​ន៍ និង​តាម​ទូរស័ព្ទ​ត្រូវបាន​ធានា​» និង​មាត្រា​៩៧ កថាខណ្ឌ​ទី​១​នៃ​ច្បាប់​ស្តីពី​ទូរគមនាគមន៍​បាន​ចែងថា​«​ការ​លបស្តាប់ ឬ​ការ​លប​ថត​ការសន្ទនា​ដោយ​ការប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍​ដោយ​បុគ្គល​ដែល​ពុំមែន​ជា​ភាគី​នៃ​ការសន្ទនា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​០១​ខែ​ទៅ​១​ឆ្នាំ និង​ទទួលពិន័យ​ជា​ប្រាក់​ពី​១០​ម៉ឺន​រៀល ទៅ​២​លាន​រៀល​» ។​

​ទោះបី មាត្រា​៤០​កថាខណ្ឌ​ទី​៣​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៩៧​កថាខណ្ឌ​ទី​១​នៃ​ច្បាប់​ស្តីពី​ទូរគមនាគមន៍​បានចែង​បញ្ញត្តិ​ដូចខាងលើ​ក៏ដោយ ក៏​ការពិត​ជាក់ស្តែង​បានបង្ហាញ​ឲ្យ​ឃើញ​រួចហើយ​ថា អ្នក​ដែល​លបស្តាប់ ឬ​លប​ថត​រហូតដល់​ទម្លាយ​នូវ​អាថ៌កំបាំង​នៃ​ការសន្ទនា​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ក្រៅពី​ភាគី​នៃ​ការសន្ទនា ជា​ហូរហែ​កន្លងមក​នោះ គឺ​មិន​ត្រូវបាន​ទទួលរង​ការផ្តន្ទាទោស​តាមច្បាប់​អ្វី​ឡើយ ហើយ​ត្រូវបាន​អ្នកមានអំណាច​យកមកប្រើ​ប្រាស់​វាយប្រហា​រ​ទៅលើ​អ្នករងគ្រោះ​ក្នុង​កិច្ចសន្ទនា​ឲ្យ​មាន​ទោសទណ្ឌ​ដើម្បី​កេងចំណេញ​ជា​ប្រយោជន៍​របស់​ផ្ទាល់ខ្លួន និង​បក្ខពួក​ទៅវិញ ។​

​សរុបសេចក្តី​មក នេះ​គឺជា​ព័ស្តុតាង​ដែល​បង្ហាញ​ឲ្យ​ឃើញថា រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ក្លាយទៅជា​«​ក្រដាសអនាម័យ​» នៅពេលដែល​ការសន្ទនា​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​«​បែកធ្លាយ​ដូច​ទឹកបាក់​ទំនប់​» នៅ​កម្ពុជា​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​រប​ស់បុរ​ស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី ៕​

 

 

 

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.