ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

​រឿង​«​ទៅហើយ​មកវិញ​» ! កូនចៅ​កាត់​តាម​មេ​ក្នុង​រឿង​ទទួល​តំណែង​នៅ​ក្រសួង​អធិការកិច្ច​តាមរបៀប​«​ទៅហើយ​មកវិញ​» ដូច​«​លេងល្ខោន​» 

​មិនដឹង​ជា​មកពី​មូល​ហេតុអ្វី​ជាក់លាក់​នោះទេ ទើប​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ហៅ​កាត់​ថា​«​ក្រសួង​អធិការកិច្ច​» មាន​មេដឹកនាំ​ក្នុងឋានៈ​ជា​រដ្ឋមន្ត្រី និង​កូនចៅ​ក្នុងឋានៈ​ជា​អនុរដ្ឋលេខាធិការ​ម្នាក់ទៀត​ទទួល​តំណែង​ដោយ​ចេញ និង​ចូល​តាមរបៀប​«​ទៅហើយ​មកវិញ​» ដូច​«​សម្តែង​ល្ខោន​» គឺ​លោកជំទាវ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ម៉ែន សំអន និង​ឯកឧត្តម យី ម៉ៅ ។​

​មុនពេល​បង្កើត​រាជរ​ដ្ឋា​ភិ​បាល​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​(២០០៨-២០១៣) រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​ធ្លាប់បាន​ធ្លាក់​ក្នុង​ដៃ​លោកជំទាវ​ទេសរដ្ឋមន្ត្រី ម៉ែន សំអន ។ លុះ​ដល់ពេល​បង្កើត​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៤​នៃ​រដ្ឋសភា លោកជំទាវ ម៉ែន សំអន ទទួលបាន​ការតែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ពោលគឺ មិន​កាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​ទៀត​ទេ ដោយ​តំណែង​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​នេះ បាន​ធ្លាក់​ក្នុង​ដៃ​លោកជំទាវ សោម គឹមសួគ៌ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩០៨/១០៥៥ ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០០៨) ។ ក្រោយមក ក្នុងខណៈ​លោកជំទាវ សោម គឹមសួគ៌ កាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​ទើបបាន​ប្រមាណ​៣​ឆ្នាំ (​មិនទាន់​ផុត​អាណត្តិ​) ស្រាប់តែ លោកជំទាវ ម៉ែន សំអន ក្នុងនាម​ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ក៏​ទទួលបាន​ការតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​ជំនួស​លោកជំទាវ សោម គឹមសួគ៌​វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១១/៩៣៤ ចុះ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១១ ពោលគឺ​តាមរបៀប​«​ទៅហើយ​មកវិញ​» ។​

​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា (២០១៣-២០១៨) លោកជំទាវ ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង ទទួលបាន​ការតែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​ទល់​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៣/៩០៣ ចុះ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៣ ។​

​ដោយឡែក ចំពោះ​ឯកឧត្តម យី ម៉ៅ ជា​យុវជន​ក្មេង​វត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​អធិការកិច្ច​តាំងពី​ការបង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​មក​នោះ លុះដល់​ការបង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ភ្លាមៗ​ក៏​ទទួលបាន​ការតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​អធិការកិច្ច​បន្តទៀត ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៣/៩០៤ ចុះ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៣ ។ ប៉ុន្តែ ក្រោយមក​ពោលគឺ ទើប​កាន់តំណែង​បាន​រយៈពេល​ប្រមាណ​១​ឆ្នាំ​០២​ខែ​ប៉ុណ្ណោះ ឯកឧត្តម យី ម៉ៅ ក៏ត្រូវ​បានបញ្ចប់​មុខតំណែង​ពី​អនុរដ្ឋលេខាធិការ​ក្រសួង​អធិការកិច្ច និង​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៤/១៣៧៧ ចុះ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​

​ឥឡូវ ឈានចូល​មកដល់​ដើមឆ្នាំ​២០១៧​នេះ ស្រាប់តែ ឯកឧត្តម យី ម៉ៅ ក៏​ទទួលបាន​ការតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​អធិការកិច្ច​វិញ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/២៣២ ចុះ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ តាមរបៀប​«​ទៅហើយ​មកវិញ​» ដូច​លោកជំទាវ ម៉ែន សំអន ជា​មេ​កើយ​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ ។ ដូច្នេះ មុខតំណែង​ឯកឧត្តម យី ម៉ៅ បច្ចុប្បន្ន​គឺ ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​អធិការកិច្ច ដែលជា​តំណែង​«​ត្រួត​» យ៉ាង​ហ៊ឺហា ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.